(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ នៃគណៈកម្មាធិការ ជាតិសន្តិសុខលម្ហសមុទ្រ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦បានថ្លែងអោយដឹងថា ទេសភាពដ៏ស្រស់ត្រកាល នៃហ្វូងមច្ឆា ផ្កាថ្ម និងពពួកសត្វជាច្រើនទៀត ក្នុងបាតសមុទ្រដែលលោកធ្លាប់បានទស្សនាតាមកញ្ចក់ទូរទស្សន៍កន្លងមក ពេលនេះលោកបានមើលឃើញដោយផ្ទាល់ហើយនៅប្រជុំកោះតាង ខេត្តព្រះសីហនុរបស់កម្ពុជាយើងកាលពីសប្តាហ៍កន្លងទៅ ។ លោក ទៀ សុខា ក៏បានបញ្ជាក់បន្ថែមថា ហ្វូងមច្ឆា ផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះ ក្នុងបាតសមុទ្រកោះតាងនេះ ពិតជា ស្រស់ស្អាតណាស់ មិនចាញ់បាតសមុទ្រប្រទេសដ៏ទៃទៀតឡើយ ។
លោកមេបញ្ជាការក៏បានសំនូមពរដល់ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមជួយការពារធនធាន ធម្មជាតិ និងបរិស្ថានរបស់កម្ពុជាយើងដើម្បីខ្លួនឯង ដើម្បីកូនចៅយើង និងដើម្បីប្រទេសជាតិយើងទាំងមូលផងដែរ ។ ជាងនេះទៅទៀតលោកសូមប្តេជ្ញាថា និងការពារ ថែរក្សា ធនធានធម្មជាតិបាតសមុទ្ររបស់កម្ពុជាយើង ឲ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើទៅបាន ហើយសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សធនធានបាតសមុទ្រ និងគាំទ្ររ ចំពោះគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ ដើម្បីទុកជាសម្បត្តិ មរតកដល់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយបានស្គាល់ និងទស្សនាផងដែរ ។
លោក ទៀ សុខា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋក៏អាចអញ្ជើញមកទស្សនា ហ្វូងមច្ឆា ផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះក្នុងបាតសមុទ្រកោះតាងនេះផងដែរ ដោយសារយើងមានក្រុមស្ម័គ្រចិត្តជំនាញជនជាតិខ្មែរ ថៃ និងអង់គ្លេស ដែលពួកគេសុទ្ធតែមានបទពិសោធន៍យូរឆ្នាំ និងជំនាញច្បាស់លាស់ពីបរទេសពីរបៀបបង្ហាត់បង្រៀន មុជចូលបាតសមុទ្រប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយផងដែរ ។
ជាមួយគ្នានេះផងដែរគេឃើញសាលាខេត្តព្រះសីហនុ រួមជាមួយស្ថាប័នជលផលគ្រោងនឹងកោះប្រជុំនាពេលឆាប់ៗខាងមុខ នេះប្រយោជន៍ដើម្បីការពារ និងអភិរក្សផ្កាថ្មរ និងជីវចម្រុះបាតសមុទ្របន្ទាប់ពីសកម្មភាពអភិវឌ្ឍនៃវិស័យទេសចរណ៍ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់រានរបស់ពពួកផ្កាថ្មត្រូពិច ដែលអាចជាមូលហេតុធ្វើអោយមានការធ្លាក់ចុះ នៃភាពទាក់ទាញសម្រាប់សកម្មភាពទេសចរណ៍ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានចំពោះសក្តានុពលសេដ្ឋកិច្ចជាតិផងដែរ ។ នេះដោយសារតែទម្លាប់នៃការធ្វើអាជីវកម្មគ្មាននិរន្តរភាពក្នុងតំបន់ផ្កាថ្មធ្វើអោយការវិនាសផុតពូជសត្វ និងរុក្ខជាតិដែល ទំនងអាចឈានទៅរកការឈប់កកើតឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីផ្កាថ្មផងដែរ ។ មន្ត្រីរដ្ឋបាលជលផលមួយរូបបានអោយដឹងថា ការកកើតឡើងវិញតាមលក្ខណៈធម្មជាតិ នៃចំនួនសត្វ និងរុក្ខជាតិដែលបានបាត់បង់និងត្រូវចំណាយពេលរាប់សិបទសវត្សន៍ ឬសតវត្សន៍ក៏អាចថាបាន ដែលប្រការនេះអាចបង្កើតអោយមានអតុល្យភាពនៃវដ្ដអាហារទាំងស្រុង ៕