(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ( ហ្គេមបាញ់ត្រី ) និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនមួយកន្លែងដោយ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា «គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ( សាលាខណ្ឌ និងនគរបាលខណ្ឌ) ក្រោមកិច្ចសម្របសម្រួលរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបល្បែង ស៊ីសងខុសច្បាប់ ( ហ្គេមបាញ់ត្រី ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ៦៥ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយឃាត់ខ្លួន ជនសង្ស័យ០៧នាក់ ព្រមទាំងវត្ថុតាងជាច្រើនផ្សេងទៀត»។
សម្រាប់ជនសង្ស័យទាំង៧នាក់ រួមមាន៖ ទី១-ឈ្មោះ ផល សុភាព អាយុ៣៦ឆ្នាំ ជន ជាតិខ្មែរ (ជាអ្នកលក់ពុង) ទី២-ឈ្មោះ ផល វ៉ាន់ស៊ី អាយុ៣៦ឆ្នាំ (ជាអ្នកមកលេង) ទី៣-ឈ្មោះ ណុច ចាន់ធឿន អាយុ២៦ឆ្នាំ (ជាអ្នកមកលេង) ទី៤-ឈ្មោះ ម៉ាន សានីត អាយុ២៦ឆ្នាំ (ជាអ្នកមកលេង) ទី៥-ឈ្មោះ ហុក ហុង អាយុ៣៩ឆ្នាំ (ជាអ្នកមកលេង) ទី៦-ឈ្មោះ គង់ វៃ អាយុ៣៨ឆ្នាំ (ជាអ្នកមកប្រើគ្រឿងញៀន) និងទី៧-ឈ្មោះ ឈុន ម៉ៅ អាយុ៣៧ឆ្នាំ (ជាអ្នកមកជក់គ្រឿងញៀន)។
វត្ថុតាងដែលបានចាប់យក៖ ទូរហ្គេមបាញ់ត្រីចំនួន១ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន២ ម៉ូតូចំនួន៤គ្រឿង ដែកកាច់កម៉ូតូចំនួន០៦ និងសោទីបចំនួន២ ស្លាកលេខម៉ូតូ ០១បន្ទះ លួសសម្រាប់ឆ្កឹះសោចំនួន២ កូនសោដោះម៉ូតូមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕