(ភ្នំពេញ)៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ បានប្រកាសនៅលើទំព័រ Facebook នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ព្រះអង្គនឹងនិមន្តចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅជាលើកទី២ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យចូលបំភ្លឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ តាមបណ្តឹងបរិហារកេរ្តិ៍របស់ លោក ម៉ម សូណង់ដូ។ ដីកាកោះនិមន្ត ព្រះតេជគុណ បានតម្រូវឱ្យព្រះអង្គចូលបំភ្លឺ នៅម៉ោង៩៖០០ព្រឹក នៅបន្ទប់ «ឌ» ជាន់ទី៣។
ជាមួយនឹងការសម្តែងការសោកស្តាយ ចំពោះការកោះហៅនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានសរសេរនៅលើបណ្តាញសង្គម Facebook ថា «អាត្មាស្ដាយ ពាក្យថាព្រះរាជអាជ្ញា ហើយអាត្មាសូមប្រើត្រឹមពាក្យថា អាជ្ញារង ព្រោះអាជ្ញារងរួបនេះមិនហ៊ានប្រើពាក្យថា និមន្តភិក្ខុ ប៊ុត ប៊ុនតិញ។ អាត្មានឹងនិមន្តទៅតាមការ កោះរបស់អស់លោក ហើយដីកាកោះនេះអាត្មាទទួលបាន តាមរយៈទំនាក់ទំនងបណ្ដាញសង្គមវ៉តសាប់ (Whatsapp)»។
សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីដើមខែកញ្ញា ឆ្នាំ២០១៦ ដោយទាមទារសំណងជំងឺចិត្ត១ម៉ឺនរៀល ដោយចោទប្រកាន់ព្រះតេជគុណថា «បរិហារកេរ្តិ៍»។ ក្នុងបណ្តឹងនោះ លោក ម៉ូម សូណង់ ដូ សំណូមពរតុលាការពិចារណាជំរុញឲ្យមានផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។ លោក ម៉ម សូណង់ដូ បានចោទព្រះតេជគុណ ប៊ុត ប៊ុនតិញ ថាមានសង្ឃដីកាបរិហារចោទប្រកាន់ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិរបស់លោក ទៅបង្កើតគណបក្សថ្មីកន្លងមកនោះ ដោយសារតែមិនបានធ្វើជាតំណាងរាស្រ្ត៕