(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោកអភិបាលរង រួមជាមួយ លោក គ្រួច សាមឿន នាយកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី ពេជ្រ សប្បុរសជនមកពីប្រទេសសឹង្ហបុរី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររើសអេតចាយ នៅក្នុងទីលានចាក់សំរាមដង្កោ ចំនួន ៤០០នាក់។
អំណោយចែកជូនក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង អំបិល ស្ករស ប៊ីចេង ប្រេងខ្យង ខោរអាវ នំ និងសំភារក្មេងលេង។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាល សម្តេចទាំងពីរ តែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ដែលជួបការលំបាក គ្រោះមហន្តរាយ ប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស។
លោកអភិបាលខណ្ឌ ក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកស្រី ពេជ្រ សប្បុរសជនរស់នៅប្រទេសសឹង្ហបុរី ដែលបានគេងគេសប្បុរសជននៅប្រទេសសឹង្ហបុរី នាំយកអំណោយមកចែកជូនថល់ប្រជាពលរដ្ឋ ក្រីក្រ ជាអ្នកប្រកបរបររើសអេតចាយ នៅក្នុងទីលានចាក់សំរាមដង្កោ នៅថ្ងៃនេះ។
ជាមួយគ្នានេះ លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់អោយយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងលាងសម្អាតខ្លួនប្រាណអោយបានត្រឹមត្រូវ ព្រោះបងប្អូនត្រូវធ្វើការងារនៅក្នុងទីលានចាក់សម្រាម ដែលពោពេញទៅដោយមេរោគ៕