(ម៉ិចស៊ីកូ)៖ ភ្នំភ្លើង Popocatepetl ដ៏មានឥទ្ធិពលដែលស្ថិតនៅចំកណ្តាលប្រទេសម៉ិចស៊ីកូ នៅថ្ងៃសៅរ៍ នេះបានផ្ទុះឡើងសាជាថ្មីម្តងទៀត និងបានជះកម្អែលផេះ និងផ្សែងខ្មៅក្រាស់ឃ្មឹកទៅលើផ្ទៃអាកាសជាងប្រាំគីឡូម៉ែត្រ ដែលហេតុការណ៍ដ៏កក្រើកនេះបានបណ្តាល ឲ្យប្រជាជនរស់នៅជុំវិញនោះមានការព្រួយបារម្ភជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ភ្នំភ្លើងខាងលើដែលត្រូវបានគេនិយមស្គាល់ដោយឈ្មោះជាទូទៅថា «Popo» ស្ថិតនៅចន្លោះរដ្ឋ Puebla និង Morelos ចម្ងាយត្រឹមតែ ៧២គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីម៉ិចស៊ីកូ ហើយមជ្ឈមណ្ឌលបង្ការគ្រោះមហន្តរាយជាតិនៃប្រទេសម៉ិកស៊ីកូ បានឲ្យដឹងថាបណ្តាទីក្រុងក្នុងរដ្ឋ Puebla ដែលនៅក្បែរនោះយ៉ាងហោចណាស់ចំនួនពីរ នឹងទទួលរងផលប៉ះពាល់បន្តិចបន្តួចពីកម្ទេចផេះរបស់ភ្នំភ្លើង Popo ប៉ុន្តែអាជ្ញាធរបានព្រមានឲ្យប្រជាជននៅតែបន្តមាន ការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ព្រោះថាកម្លាំងខ្យល់អាចនឹងបក់ផាត់យកកម្អែលផេះទៅដល់ទីក្រុង Peubla និងក្រុងមួយចំនួនទៀតនៃរដ្ឋ Puebla បាន។
គួរបញ្ជាក់ដែរថាភ្នំភ្លើងដែលមានអត្ថន័យថា «ភ្នំផ្សែង» បានផ្ទុះឡើងនៅវេលាម៉ោង ៩៖៤៦ព្រឹកថ្ងៃសៅរ៍នេះ ហើយបង្កជាពពកផ្សែងខ្មៅអួរអាប់ ដែលតំបន់អាចមើលឃើញបានយ៉ាងច្បាស់ពីទីក្រុងមួយចំនួននៅជុំវិញភ្នំដែលមានកម្អស់ប្រហែល ៥,៥០០ម៉ែត្រនេះ៕