(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតបង្គ្រប់កិច្ចទល់នឹងជម្រើសជាតិវៀតណាម នៃពូល B នាម៉ោង៦៖៣០នាទីល្ងាចនេះ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ស្របពេលម៉ាឡេស៊ី ប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា។
ក្រុមដែលមានរហស្សនាមថា «គោព្រៃ» បានចាប់ផ្តើមទម្រង់លេងដ៏ល្អ និងអាចស៊ុតបញ្ចូលទីក្រុមម៉ាឡេស៊ី និងម្ចាស់ផ្ទះ មិយ៉ាន់ម៉ា នាំមុខគេជានិច្ច ជាអ្វីៗត្រូវបានប្រែប្រួលជាខ្លាំងនៅនាទីចុងម៉ោងក្នុងវគ្គទី១ និងវគ្គទី២ នៃការប្រកួតទាំង២ដង សម្រាប់ក្រុមដែលឆ្លងផុតវគ្គជម្រុះកាលពីខែតុលា ឆ្នាំ២០១៦។
តែយ៉ាងណាក៏ដោយ កម្ពុជានៅតែរងសម្ពាធ បើទោះបីជាតំបន់ប្រយុទ្ធមុតស្រួច តែមានភាពធូររលុងក្នុងតំបន់បម្រើ កណ្តាល និងតំបន់ការពារ ដែលធ្វើឲ្យគូប្រកួតងាយស្រួលចាប់បានចំណុចខ្សោយ និងវាយបកយកឈ្នះវិញនៅពេលប៉ះ ម៉ាឡេស៊ី ចាញ់ ៣-២ និងប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ចាញ់ ៣-១ ធ្វើឲ្យក្រុមជ្រុះចេញពីពាន AFF Suzuki Cup 2016 មុនគេ ដោយឈរនៅបាតតារាងនៃពូល B ស៊ុតបញ្ចូលទីគេបាន៣គ្រាប់ និងរបូតវិញ៦គ្រាប់។
កម្ពុជា ធ្លាប់ចាញ់វៀតណាមស្ពឹកមុខ ៩-១ ក្នុងពានប្រចាំតំបន់នេះដូចគ្នា កាលពីខែធ្នូ ឆ្នាំ២០០៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក តែអ្វីៗអាចនឹងផ្លាស់ប្តូរ ហើយប្រសើរជាងមុន ព្រោះវៀតណាមបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ររួចបាត់ទៅហើយ ក្រោយយកឈ្នះឥណ្ឌូនេស៊ី ១-០ ចុងម៉ោងឈរនៅលេខ១ ប្រចាំពូល B ដោយមិនជួបក្រុម ការពារតំណែងជើងឯកថៃឡើយក្នុងវគ្គខ្វែងពូលដែលនឹងធ្វើឡើងនៅថ្ងៃទី៣-៤ និងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ប្រកួត២ជើង ដូរទឹកដីគ្នា៕