(កំពង់ចាម)៖ សៀវភៅមិនមែនមានតែអក្សរតែមួយមុខតប៉ុណ្ណោះទេ វានឹងប្រាប់អ្នកអានអក្សរថា តើកន្លែងណាដែលអ្នកគួរទៅ និងមនុស្សណាដែលគួរជួប។ ជាទូទៅ បណ្ណាល័យត្រូវបានចាត់ទុកជាឃ្លាំងផ្ទុកនូវចំណេះដឹង បទពិសោធន៍ និងវប្បធម៌សំបូបែបរបស់មនុស្សជាតិ និងធម្មជាតិនៅក្នុងចក្រវាលនេះ។
ក្នុងន័យនេះ ដោយយោងតាមគោលនយោបាយលើកកម្ពស់ វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាការឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ចាម របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២នេះ ដែលដឹកនាំដោយលោក លន់ លឹមថៃ អភិបាលខេត្ត បានផ្តួចផ្តើមរៀបចំឡើងវិញនូវបណ្ណាល័យសាធារណៈមួយ មានឈ្មោះថា «បណ្ណាល័យកំពង់ចាម» ដែលស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ ដែលទីតាំងបណ្ណាល័យនេះ គឺជាអតីតទីតាំងបណ្ណាល័យ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយត្រូវបានបំផ្លិចបំផ្លាញ និងលុបបំបាត់ចោលទាំងស្រុង ចាប់ពីរបបប្រល័យពូជសាសន៍បានចាប់ផ្តើមកាលពីឆ្នាំ ១៩៧៥។
ឥឡូវនេះ បណ្ណាល័យកំពង់ចាម ត្រូវបានរៀបចំបង្កើតឡើងវិញដោយយកមូលដ្ឋានគ្រឹះសាមគ្គីភាព ឆន្ទៈ និងស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងចំណោមថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រីរាជការទូទៅ យុវជន ព្រះសង្ឃ យុវជន អង្គការ សមាគម ក្រុមហ៊ុន សហគ្រាសឯកជន ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់និន្នាការនយោបាយ សាសនា និងជាតិសាសន៍។ មូលដ្ឋានគ្រឹះនេះ បានបង្កើតនូវការប្រមូលនូវមូលនិធិថវិកាសប្បុរសធម៌ ជាបន្តបន្ទាប់ធ្វើឲ្យរដ្ឋបាលខេត្ត មានអាចចាប់ផ្តើមរៀបចំបណ្ណាល័យនេះឡើងវិញបាន។
លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានបង្កើតនូវសេចក្តីអំពាវនាវ និងសកម្មភាពអំពាវនាវស្វែងរកថវិកាសប្បុរសធម៌ដោយផ្ទាល់ចំនួន៤លើក ដែលប្រមូលបានថវិកាសរុប ប្រមាណជាង៦០លានរៀល គិតចាប់ពីខែកុម្ភៈ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ជាក់ស្តែង កាលពីថ្ងៃទី ២៣ វិច្ឆិកាកន្លងទៅថ្មីៗនេះ លោកអភិបាលខេត្ត បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំបណ្ណាល័យ និងពិនិត្យលទ្ធភាព នៃការប្រមូលមូលនិធិ និងថវិកាសប្បុរសធម៌បន្ថែមទៀត។ សមាសភាពចូលរួមប្រជុំនេះ រួមមាន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សសយក តំណាងសាកលវិទ្យាល័យ ស្ថាប័នអង្គការ សមាគម ក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថានឥណទាន និងសប្បុរសជនជាច្រើន។ ពេលនោះ បណ្ណាល័យនេះ រកបានមូលនិធិ និងថវិកាសរុបប្រមាណ២៨លានរៀល សម្រាប់រៀបចំបណ្ណាល័យបន្តទៀត។
ទោះយ៉ាងណាក៏ដោយ ដោយយល់ឃើញថា ថវិកានេះមានចំនួនតិចតួច នៅឡើយបើធៀបនឹងទំហំ និងវិសាលភាព នៃការរៀបចំបណ្ណាល័យកំពង់ចាម ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដែលមាន លោក ហាន កុសល ជាប្រធាន បានខិតខំគិត និងរៀបចំផែនការដើម្បីប្រមូលថវិកាសប្បុរសធម៌បន្ថែមទៀត ដើម្បីទិញសម្ភារបន្ថែមបំពេញ នូវការខ្វះខាតមួយចំនួន ដូចជាសៀវភៅអានជាច្រើនក្បាល ម៉ាស៊ីនកុំព្យូទ័រ១២គ្រឿង ម៉ាស៊ីនត្រជាក់៦គ្រឿង ប្រព័ន្ធឧឃោសនស័ព្ទ១កំប្លេរ តុ កៅអី សម្ភារផ្សេងៗ ជាច្រើនទៀត និងការរៀបចំសោភណ្ឌភាពទាំងក្នុង និងខាងក្រៅបណ្ណាល័យ។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងទូទាំងខេត្តកំពង់ចាម គឺជាកម្លាំងស្នូល នៃការដឹកនាំ និងរៀបចំបណ្ណាល័យនេះដោយផ្ទាល់។ សកម្មភាពទាំងឡាយឆ្ពោះទៅរកការសម្រេច ឲ្យបាននូវការរៀបចំបណ្ណាល័យកំពង់ចាមមួយ ដែលមានលក្ខណៈសមរម្យ តាមបច្ចេកទេស ដែលអនុវត្តដោយក្រុមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងការលើកទឹកចិត្តពីរដ្ឋបាលខេត្តកំពង់ចាម ហើយការរៀបចំបណ្ណាល័យនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីលោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោករដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ។
លោក លន់ លឹមថៃ អភិបាលខេត្ត បានបញ្ជាក់ថា បណ្ណាល័យកំពង់ចាម នឹងត្រូវរៀបចំឡើង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ដោយគ្រោងឲ្យមានភាព អធិកអធមជាទីបំផុត។
លោកអភិបាលខេត្ត សូមអំពាវនាវបន្ថែមទៀត ដល់បងប្អូនសប្បុរសជនគ្រប់ទិសទី សូមមេត្តាជួយផ្តាល់ជាការគាំទ្រផ្នែកស្មារតី និងធនធានថវិកា សម្ភារ និងសៀវភៅទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីពង្រឹង និងពង្រីងគុណភាព នៃសេវាបណ្ណាល័យកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ និងមាននិរន្តរភាព។ ការចូលរួមចំណែករបស់បងប្អូន ពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង មិនអាចកាត់ថ្លៃបានដល់ការអភិវឌ្ឍខេត្ត និងសង្គមជាតិទាំងមូល។
សម្រាប់ការជួយឧបត្ថម្ភ សូមបងប្អូនមេត្តាទាក់ទង លោក ហាន កុសល នាយករដ្ឋបាលសាលាខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តាមរយៈលេខទូរស័ព្ទ ០១២ ៤៤៦ ៨៥៦ ឬតាមរយៈអាសយដ្ឋាន [email protected]៕