(កំពត)៖ ដោយមានការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងនគរបាលខេត្តសហការ ជាមួយកម្លាំងនគរបាលស្រុក និងនគរបាលមូលដ្ឋាន ដឹកនាំដោយ លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលពី លោក ខាន់ សុផល ព្រះរាជអាជ្ញារង បានចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់ និងលេងអាប៉ោង ) នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ក្នុងការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួន បានជនសង្ស័យ៥នាក់ និងដកហូតម៉ូតូ ១៨គ្រឿង មាន់ជល់ ព្រមទាំងឧបករណ៍លេងល្បែង មួយចំនួនទៀត។ នគរបាលបញ្ជាក់ថា ជនដែលឃាត់ខ្លួន ទី១៖ ឈ្មោះ គង់ ធី អាយុ៥០ឆ្នាំ ទី២៖ ឈ្មោះ ឃឹម ផាត អាយុ៥៥ឆ្នាំ ទី៣៖ ឈ្មោះ លឹម សារឿន អាយុ៣៨ឆ្នាំ ទី៤៖ឈ្មោះ សេង ភីរ៉ាន់ អាយុ៣០ឆ្នាំ និងទី៥៖ឈ្មោះ សែម ថាត អាយុ២២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៥ កំពុងឃាត់ខ្លួនបណ្ណោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕