(បាត់ដំបង)៖ លោក ស សុខា អនុប្រធានគណៈកម្មាធិការ ថ្នាក់កណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តបាត់ដំបង បើកកិច្ចប្រជុំ ស្វែងរកចំណុចខ្សោយ និងចំណុច។
លោក ស សុខា បញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីប្រសិទ្ធភាពការងារ ជាប្រយោជន៍ដល់យុវជន និងប្រជាជនទូទៅ។
ជាមួយគ្នានេះ លោក ស សុខា បានឧបត្ថម្ភសសយកក្រុងស្រុកទាំង១៤ខេត្តបាត់ដំបង ១០០ដុល្លារក្នុង១ខែ, ឧបត្ថម្ភមួកសុវត្ថិភាព៥ពាន់ សម្រាប់សសយកបាត់ដំបងចែកជូនប្រជាពលរដ្ឋ យុវជន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក ស សុខា បានថ្លែងបញ្ជាក់ថា "សូមសសយកតាមក្រុងស្រុកនីមួយៗ ផ្ដើមបង្កើតសកម្មភាពតាមលទ្ធភាព ដើម្បីឲ្យប្រជាជន យុវជន បានស្គាល់ ជឿទុកចិត្ត និងត្រូវការពឹងពររកឲ្យជួយ ព្រមទាំងពង្រឹងរចនាសម្ព័ន្ធតាមស្រុក និងសមាជិកបង្កើតកម្មវិធីដែលបង្ហាញពីអត្តសញ្ញាណរបស់ខេត្តបាត់ដំបង បង្កើតកម្មវិធីរត់ម៉ារ៉ាតុង បង្កើតកម្មវិធីផ្ដល់ឈាម ជាដើម"។
ដោយឡែក លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក៏បានឧបត្ថម្ភថវិកាជូន សសយក ប្រចាំខេត្តបាត់ដំបង មួយខែ១០០ដុល្លារផងដែរ។