(ភ្នំពេញ)៖ លោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែងគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។
នៅក្នុងលិខិតរំលែកទុក្ខរបស់លោក ស សុខា ផ្ញើជូនលោកស្រី ជូឡុង សូមូរ៉ា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសរសេរថា៖ «រូបខ្ញុំផ្ទាល់ និងភរិយា មានសេចក្ដីសោកស្ដាយជាពន់ពេក នៅពេលទទួលដំណឹងប្រកបដោយសេចក្ដីក្រៀមក្រំក្រៃលែងជាទីបំផុត អំពីមរណទុក្ខរបស់ឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ ដែលត្រូវជាម្ដាយបង្កើតប្រកបដោយគុណូបការៈរបស់លោកជំទាវ។ នេះគឺជាការបាត់បង់ ដ៏គួរឲ្យសោកស្ដាយ ដែលបុគ្គលគ្រប់រូបមិនចង់ឲ្យកើតមាន។ រូបខ្ញុំផ្ទាល់ និងភរិយា សូមសម្ដែងនូវសមានចិត្តចូលរួមទុក្ខក្រៀមក្រំយ៉ាងស្មោះស័្មគ្រចំពោះមរណភាពនេះ ក្នុងសា្មរតីជាតំណាងរាស្ដ្រដូចគ្នា ក្នុងនាមជាប្រជាជនដូចគ្នា ជារួមគឺក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ»។
សូមជម្រាបថា បច្ចុប្បន្នសព ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់លោកស្រី ជូឡុង សូមួរ៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកប្រធាន សម រង្ស៉ី ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាលិខិតរបស់ចូលរួមរំលែកទុក្ខរបស់លោក ស សុខា៖