(ភ្នំពេញ)៖ ជប៉ុនបានបង្ហាញគម្រោងចង់វិនិយោគ ទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាអាងពិព័រណ៍ត្រី Aquarium ទឹកសាប នៅក្នុងបឹងទន្លេសាបកម្ពុជា ដើម្បីទាកក់ទាញភ្ញៀវទេសចរ បន្ទាប់ពីទស្សនាប្រាសាទអង្គរវត្ត។
ដំណឹងនៃគម្រោងនេះ ត្រូវបានបង្ហាញឡើង ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអីតឯកអគ្គរដ្ឋទូតជប៉ុន នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។លោក Takahashi Fumiaki បានអញ្ជើញមកលេងប្រទេសកម្ពុជា ជាច្រើនលើកកន្លងមកហើយ ព្រមទាំងបានជួយទាក់ទាញ អ្នកវិនិយោគទុនជប៉ុនមកកម្ពុជាផងដែរ។
ក្នុងជំនួបនោះ លោក Takahashi បានជម្រាបជូនសម្តេចតេជោថា លោកអញ្ជើញមកកម្ពុជាពេលនេះ គឺបាននាំលោក Yamada Sohiko ដែលជាស្ថាបត្យករ និងអ្នករៀបចំគម្រោង និងក៏ជាសមាជិកនៃសមាគមជប៉ុនកម្ពុជា ដើម្បីលើកយកគម្រោងមួយ ដែលមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលមានផលទាក់ទាញភ្ញៀវទេសចរផង និងសំរាប់ការសិក្សាស្រាវជ្រាវត្រីទឹកសាប គ្រប់ប្រភេទនៅតាមបណ្តោយបឹងទន្លេសាប និងទន្លេមេគង្គផង គឺគម្រោងស្ថាបនា អាងពិព័រណ៍ចិញ្ចឹមត្រីដ៏ធំមួយ (Aquarium) នៅប្រទេសកម្ពុជា។
អាង Aquarium នេះគឺមិនត្រឹមតែទាក់ទាញទេសចរទេ គឺនឹងផ្តល់ឱកាសឲ្យប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិ អាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាប នៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ គម្រោងនេះក៏អាចផ្តល់ពូជត្រី និងវិធីសាស្រ្តល្អៗ ក្នុងការចិញ្ចឹមត្រីដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះរស់នៅតាមច្រាំងទន្លេ អាចចិញ្ចឹមត្រីសម្រាប់ទទួលទាន បានយ៉ាងងាយស្រួលទៀតផង។ យើងរំពឹងថា អាងពិព័រណ៍ត្រី Aquarium ទឹកសាបនៅកម្ពុ ជាអាចនឹងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន បន្ទាប់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគម្រោងនេះ ហើយសម្តេចតេជោ បានណែនាំឲ្យបង្កើតជាគណៈកម្មការ អន្តរក្រសួងដឹកនាំដោយ លោក ជា សុផារ៉ា ជាប្រធាន និងមាន លោក សុខ ចិន្តាសោភា ជាអនុប្រធានប្រចាំការ ព្រមទាំងមានសមាសភាព រដ្ឋលេខាធិការមួយចំនួនទៀតមកពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ឋដូ ចជាសាលារាជធានីភ្នំពេញ ក្រសួងកសិកម្ម ក្រសួងបរិស្ថាន គណៈកម្មការទន្លេមេគង្គ ដែលនឹងត្រូវចូលរួមពិភាក្សាលើគម្រោងនេះ។ គំរោងអាងពិព័រណ៍ (Aquarium) គឺអាចនឹង ចំណាយថវិកាសាងសង់ប្រមាណ ១០០ លានដុល្លារ ដែលជាជំនួយពីមិត្តជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឲ្យរៀបចំគណៈកម្មការ អន្តរក្រសួងឲ្យបានឆាប់ ហើយសិក្សាអំពីទីតាំង និងផលប៉ះពាល់នានាឲ្យបានច្បាស់លាស់ ដើម្បីជំរុញគម្រោងខាងលើនេះ ឲ្យចេញជារូបរាងប្រកបដោយជោគជ័យ ដែលជាមរតកសម្រាប់កម្ពុជា និងប្រជាជាតិអាស៊ានទាំង មូលដើម្បីបានឃើញពីពូជត្រីគ្រប់ប្រភេទ នៅតាមដងទន្លេសាប និងទន្លេមេគង្គ៕