(ភ្នំពេញ)៖ វិនិយោគិនចិនមួយក្រុមនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលជួបរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដើម្បីទទួលអនុសាសន៍មួយចំនួនពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា។
បើតាមក្រសួងពាណិជ្ជកម្មក្រុមវិនិយោគិនចិនមួយក្រុមនេះ បានបង្ហាញពីបំណងចង់បង្កើតរោងចក្រដ៏ធំមួយនៅកម្ពុជា ដែលអាចផ្តល់ការងារជូនកម្មករប្រមាណជា ២ពាន់នាក់។
លោក ប៉ាន សូរស័ក្តិ បានលើកបង្ហាញពីសក្តានុពល និងបញ្ហាអាទិភាពមួយចំនួន ដែលសុទ្ធសឹងជាអំណោយផលដ៏ល្អក្នុងការវិនិយោគនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសមួយមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោក ដែលទទួលបានកំណើន GDP ជាមធ្យម ៧,៥% ពីឆ្នាំ២០០៥-២០១៥ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីបានប្រសិទ្ធនាមកម្ពុជាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។ ជាពិសេសការអភិវឌ្ឍថ្មីៗក៏បានប្រែក្លាយកម្ពុជាទៅជាលំដាប់ប្រទេសចំណូលមធ្យមខ្នាតតូច តាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក។
លោករដ្ឋមន្រ្តីបន្តថា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច កាលានុវត្តថ្មីៗបានបង្ហាញខ្លួនដល់វិនិយោគិននៅកម្ពុជា។ កម្ពុជានៅតែទទួលបានសម្បទានពិសេសពីសហគមន៍អឺរ៉ុបក្រោមកម្មវិធី «អ្វីទាំងអស់លើកលែងតែសព្វាវុធ (EBA)» ហើយជាមួយនឹងការពង្រីកប្រព័ន្ធអនុគ្រោះពន្ធគយ (GSP) របស់សហរដ្ឋអាមេរិក បានផ្ដល់ឱកាសដល់កម្ពុជាក្នុងការនាំយកផលិតផលសម្រាប់ធ្វើដំណើរ ចូលទៅក្នុងទីផ្សាររបស់អាមេរិកដោយមិនមានបង់ពន្ធ។
ក្រុមវិនិយោគិនចិន ក៏បានចោទជាសំនួរមួយចំនួនផងដែរទាក់ទងឱកាសក្នុងការសាងសង់វារីអគ្គិសនីខ្នាតតូចសម្រាប់ផ្គត់ផ្គង់នៅក្នុងរោងចក្រ ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើងរដ្ឋ, ការទិញដីសម្រាប់វិនិយោគ, ការវិនិយោគនៅក្នុង SEZ និង ការទាក់ទាញកម្មករ។
លោក ប៉ាន ស័រស័ក្តិ និងតំណាងរបស់ស្ថាប័នពាក់ព័ន្ធ បានបកស្រាយជូនថា ការសាងសង់វារីអគ្គិសនីខ្នាតតូចអាចធ្វើទៅបានប្រសិនបើមិនប៉ះពាល់ដល់បរិស្ថានជុំវិញ ប៉ុន្តែចំពោះការលក់អគ្គិសនី ដែលនៅសល់ពីការប្រើក្នុងរោងចក្រ ត្រូវតែចរចារការលក់ជាមួយ អគ្គិសនីកម្ពុជា។
សម្រាប់ការទិញដី ច្បាប់របស់កម្ពុជាមានមាត្រាពិសេសមួយចំនួន ដែលអនុញ្ញាតឲ្យវិនិយោគិនទិញដីបាន បើសិនជាទំហំនៃការវិនិយោគស្របទៅនឹងទំហំដែលបានកំណត់នៅក្នុងច្បាប់។ ទាក់ទងនឹងការសាងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស វិនិយោគិននឹងទទួលបានការលើកទឹកចិត្តបន្ថែមដោយមិនចាំបាច់បង់ពន្ធលើតម្លៃបន្ថែម ហើយម្យ៉ាងវិញទៀតវិនិយោគិននឹងទទួលបានផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។
ចំពោះការទាក់ទាញកម្មករ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ការសាងសង់រោងចក្រតែងតែទាក់ទាញកម្មករ ដើម្បីមកធ្វើការ ជាពិសេសកម្មករចំណាកស្រុក ដែលបានទៅធ្វើការនៅប្រទេសជិតខាង ហើយមានបំណងត្រឡប់មកធ្វើការវិញ នៅក្នុងបរិស្ថានដ៏ល្អប្រសើរមួយ និងទទួលបានកម្រៃសមរម្យ៕