(ភ្នំពេញ)៖ ក្រុមហ៊ុន Tesna Energy Co., LTD របស់ជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ចង់ផលិតប្រព័ន្ធឡដុតកម្ទេចកាកសំណល់ វេជ្ជសាស្រ្ត និងកាកសំណល់គ្រោះថ្នាក់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងចូលរួមចំណែកថែរក្សាបរិស្ថានផងដែរ។
បំណងផលិតប្រព័ន្ធឡនេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាមួយ ប្រតិភូក្រុមហ៊ុន Tesna Engergy Co., Ltd ដឹកនាំដោយលោកតាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក តាកាហាស៊ី ហ្វូមីអាគី បានឲ្យដឹងថា គម្រោងផលិតប្រព័ន្ធឡដុតកម្ទេចកាសំណល់វេជ្ជសាស្រ្ត និងកាកសំណល់គ្រោះថ្នាក់នេះ ទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ហើយគម្រោងនេះអាចទប់ស្តាត់ការបំភាយឧស្ម័នពុល (Dioxin) និងមិនប៉ះពាល់ដល់បរិស្ថាន។
លោក តាកាហាស៊ី ហ្វូមីអាគី បន្តថា ក្រុមហ៊ុនចង់ដំឡើងរោងចក្រផលិតប្រព័ន្ធឡនេះនៅក្នុងប្រទេសកម្ពុជា ដើម្បីលក់ទៅឲ្យមន្ទីរពេទ្យក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសផ្សេងៗ។ បើតាមលោក តាកាហាស៊ី ហ្វូមីអាគី ក្រុមហ៊ុនមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទនៃការ ផលិតនៅឡើយទេ គឺក្រុមហ៊ុនកំពុងតែសិក្សា និងត្រូវការពិចារណាលើលក្ខខណ្ឌវិនិយោគ ជាពិសេសនីតិវិធីក្នុងការនាំចូលសម្ភារៈបរិក្ខា និងការផ្តល់ជូនគោលការណ៍លើកទឹកចិត្តផ្សេងៗ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Tesna Engergy Co., Ltd។ លោករដ្ឋមន្រ្តីជឿថាគម្រោងនេះ មិនត្រឹមតែកាត់បន្ថយផលប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនថែមទៀត។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើដល់តំណាងក្រុមហ៊ុនធ្វើការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឬតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើជាទីតាំងសម្រាប់ការវិនិយោគ។
លោក ប៉ាន សូរស័ក្តិ ក៏បានស្នើសុំតំណាងក្រុមហ៊ុន Tesna Engergy Co., Ltd សិក្សាពីលទ្ធភាពដាក់បញ្ចូលវដ្តបច្ចេកវិទ្យា ដែលអាចបំលែងកាកសំណល់ទៅជាថាមពលអគ្គិសនី ដើម្បីលើកកម្ពស់ថាមពលបៃតងនៅក្នុងប្រទេសកម្ពុជា និងបានណែនាំដល់ក្រុមហ៊ុនទាក់ទងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីទទួលបានការអនុគ្រោះពន្ធពិសេស និងគោលការណ៍លើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា។
លោក តាកាហាស៊ី ហ្វូមីអាគី និងប្រតិភូក្រុមហ៊ុន Tesna Engergy Co., Ltd បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានផ្តល់អនុសាសន៍ល្អៗទាក់ទិនការកែលម្អមុខងារប្រព័ន្ធឡ និងការនិយោគក្នុងប្រទេសកម្ពុជា។ លោកបានសន្យាទាក់ទងទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញគម្រោងនេះឲ្យដំណើរការក្នុងពេលឆាប់ៗ៕