(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានជំរុញដល់កម្លាំងអាវុធហត្ថដែលជាសិក្ខាកាម ក្នុងពេលបើកវគ្គបណ្ដុះបណ្ដាលប្រចាំឆ្នាំ ត្រូវខិតខំហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីមានសមត្ថភាពចូលបម្រើការងារជូនជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងអង្គភាពចំនួន ៧៥នាក់ មកពីបណ្ដាក្រុង-ស្រុក ក្នុងខេត្តកណ្ដាល, ប្រធានការិយាល័យទាំង៥, លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន, លោកប្រធាន-អនុប្រធានមន្ទីរ, មេបញ្ជាការ-បញ្ជាការរងក្រុង-ស្រុក នាយការិយាល័យ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានពាំនាំការសាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងអាវុធហត្ថ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខដល់នាយ-នាយរង នៃកងរាជអាវុធហត្ថ ដែលជាសិក្ខាកាមថា ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់លោកគ្រូឧទ្ទេសនាម ត្រូវហ៊ានសួរអ្វីដែលខ្លួនមិនចេះ មិនយល់ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ហាមអវត្តមានក្នុងម៉ោងរៀនសូត្រ។
លោកមេបញ្ជាការបានបន្តថា «ការបើកវគ្គសិក្សានេះ គឺដើម្បីបំប៉នដល់នាយទាហាន-នាយទាហានរង ពង្រឹងស្មារតី និងក្រមសីលធម៌យោធា ដើម្បីគុណភាពការងារឲ្យមានភាពប្រសើរឡើង ក៏ដូចជាការដកស្រង់បច្ចេកទេសចំណេះដឹង ពីអ្នកចេះច្រើនទៅពន្យល់អ្នកចេះតិច ពីអ្នកចេះតិចទៅពន្យល់ដល់អ្នកមិនចេះសោះ»។
លោកមេបញ្ជាការបានបញ្ជាក់ទៀតថា «ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថមានកម្លាំងកាយ ស្មារតីវិជ្ជាជីវៈ គុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននេះ បានធ្វើឲ្យមានថាមពលកម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើការងារជូនជាតិមាតុភូមិ»។
សូមជម្រាបថា ការបើកវគ្គនេះមានរយៈពេល ១៥ថ្ងៃ ដែលត្រូវសិក្សាលើមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា កិច្ចការរដ្ឋបាល បទវិន័យទូទៅ និងវិជ្ជាជីវៈអាវុធហត្ថ៕