(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការចាត់តាំងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា ធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ។នេះបើយោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់តាំងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ និងខួបលើកទី១៨ ទិវាជនពិការកម្ពុជា ចុះថ្ងៃទទី២៥ ខែវិច្ឆិកា។
នៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសូមណែនាំចាត់តាំង ដល់ក្រសួងព័ត៌មាន ត្រូវសហការជាមួយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយពីទិវានេះឲ្យបានទូលំទូលាយ ។
ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឲ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមីទ្ទិញ និងពិធីជួបសំណេះសំណាលជាមួយជនពិការ និងចាត់ឲ្យក្រសួងពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនពិការនៅរាជធានីភ្នំពេញ បន្ថែមពីនោះ ក៏បានចាត់តាំងឲ្យស្ថាប័នពាក់ព័ន្ធរៀបចំពាក្យស្លោក ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងខួបលើកទី៣៤ ទិវាជនពិការអន្តរជាតិ ឆ្នាំ២០១៦ផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងប្រារព្ធទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ នៅថ្ងៃទី០៣ ខែធ្នូ ដើម្បីរំលឹកដល់ការអនុវត្តដល់ការ អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យពិការភាព ជាពិសេសសុខុមាលភាពរបស់ជនពិការកម្ពុជា ស្របតាមអនុសញ្ញា ស្តីពីសិទ្ធិជនពិការទស្សវត្សជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក យុទ្ធសាស្រ្តអ៊ីនឈាន់ «ដើម្បីសិទ្ធិក្លាយជាការពិត» ក៏ដូចជាយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨៕