(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ មានផលប៉ះពាល់ទាំងផ្នែកនយោបាយ ផ្នែករដ្ឋបាលរបស់ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តែទោះជាយ៉ាងនេះក្ដី កំណែទម្រង់នេះ នៅតែជាជម្រើសដ៏ល្អនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលបណ្ដាប្រទេសជាច្រើន នៅលើសាកលលោកកំពុង ប្រកាន់យកនាពេលបច្ចុប្បន្ន។
ការថ្លែងបែបនេះ របស់សម្ដេច ស ខេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់ គ.ជ.អ.ប នាសាលប្រជុំក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង ក៏បានឲ្យដឹងថា «កំណែទម្រង់វិមជ្ឈការ គឺជាកំណែទម្រង់ដែលមានលក្ខណៈស្មុគស្មាញ សាំញ៉ាំ និងត្រូវអនុវត្តដោយប្រុងប្រយ័ត្ន មានការសម្របសម្រួល និងប្រកបដោយសនិទានភាព ផ្អែកលើបរិបទប្រវត្តិសាស្ដ្រ នយោបាយសង្គម សេដ្ឋកិច្ច ជាក់ស្ដែងរបស់ប្រទេសកម្ពុជាយើង»។
សម្ដេចក្រឡាហោមបន្ថែមថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាល មានការតាំងចិត្តផ្នែកនយោបាយយ៉ាងច្បាស់លាស់ អំពីការអនុវត្តកំណែទម្រង់នេះ ដើម្បីធានាដល់ការឆ្លើយតបទៅនឹងការ រីកចម្រើនរបស់សង្គម ដែលធ្វើឲ្យមានការកើនឡើង នូវតម្រូវការនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយលក្ខណៈឆ្លើយតប និងកាន់តែទូលំទូលាយបន្ថែមទៀត ជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីកំណែទម្រង់នេះ នៅតែត្រូវការការគាំទ្រដ៏ចាំបាច់ពីដៃគូអភិវឌ្ឍន៍នានា ក្នុងរយៈពេលមធ្យមមួយបន្ថែមទៀត ដើម្បីធានាដល់ការឈានឆ្ពោះទៅ សម្រេចគោលបំណងចុងក្រោយនៃកំណែទម្រង់៕