(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផល ហាឡាលកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយម ជាមួយនឹងក្តីរំពឹងថា កម្ពុជានឹងអាចរកចំណូលបន្ថែម ពីឧស្សាហ៍កម្មហាឡាលនេះ ហើយថានេះគឺជាជំហ៊ានទីមួយ ក្នុងការរៀបចំបច្ចេកទេសអភិវឌ្ឍន៍ ផលិតផលហាឡាលកម្ពុជា បន្ទាប់ពីយើងបានសិក្សាស្វែងយល់ ពីបណ្តាប្រទេសជាច្រើន។
ការបង្ហាញក្តីរំពឹងរបស់លោក អូស្មាន់ ហាស្សាន់ នេះធ្វើឡើងក្នុងឱកាសដែល ក្នុងកិច្ចប្រជុំជាមួយក្រុមជំនាញការហាឡាលម៉ាឡេស៊ី នៃក្រុមហ៊ុនអភិវឌ្ឍន៍ ហាឡាលម៉ាឡេស៊ី HDC ដែលដឹកនាំដោយ Datuk Seri Rizuan Abdul Hamid ជាអគ្គនាយក ដើម្បីធ្វើបទបង្ហាញជំហានបឋម ក៏ដូចជាចែករំលែកបទពិសោធន៍ ដល់គណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា ក្នុងការត្រៀមរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក អូស្មាន់ ហាស្សាន់ បានជឿជាក់ថា នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) នឹងជួយកម្ពុជា លើការរៀបចំផ្នែកស្តង់ដារហាឡាល ដែលគោរពទៅតាមលក្ខខណ្ឌនានា ដើម្បីឲ្យប្រទេសនានាលើសកលលោកទទួលស្គាល់។ ក្រៅពីនេះភាគីថៃ ក៏កំពុងបើកភ្លើងខៀវរង់ចាំ ផ្តល់ជំនួយធនធាន និង បច្ចេកទេសផ្សេងៗទៀតផងដែរ។
ការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេសរបស់ភាគីម៉ាឡេស៉ីនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការ ពីសំណាក់ភាគីម៉ាឡេស៊ី ហើយដែលក្រុមហ៊ុនអភិវឌ្ឍន៍ ហាឡាលម៉ាឡេស៊ី HDC គឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មអន្តរជាតិ និង ឧស្សាហ៍កម្មម៉ាឡេស៊ី។
បន្ទាប់ពីបានធ្វើកិច្ចការជាមួយគ្នា រវាងភាគីទាំងពីរក្នុងពេលកន្លងមកនេះ នៅថ្ងៃទី២៥នេះ ភាគីម៉ាឡេស៊ី ក៏បាននាំយកមកធ្វើបទបង្ហាញដល់ភាគីកម្ពុជា នូវបច្ចេកទេស បទពិសោធន៍ និង សេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការពិភាក្សា ថាតើនឹងត្រូវចាប់ផ្តើមពីចំណុចណាមុន ក្នុងចំណោមឧស្សាហ៍កម្មហាឡាល ដែលមានជាច្រើនផ្នែកដូចជា ម្ហូបអាហារ សម្លៀកបំពាក់ របស់របរប្រើប្រាស់ ។ល។
ក្រៅពីការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេស HDC ក៏នឹងត្រៀមសហការជាមួយ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាហាឡាល ដែលតាមការគ្រោងនឹងពិភាក្សាលម្អិត រវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមរៀបចំនៅខែក្រោយនេះ នៅរាជធាំនីភ្នំពេញ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួម លើកកំពស់វិស័យហាឡាលកម្ពុជា ឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយពីគុណសម្បត្តិ របស់វិស័យនេះទៅកាន់គ្រប់ស្ថាប័ន អ្នកវិនិយោគ និង អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ ពីគុណតម្លៃនៃផលិតផល ដែលមានស្តង់ដារហាឡាល ជាស្តង់ដារគ្រប់គ្រងទៅលើផលិតផលប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌ លក្ខខន្តិកៈរបស់ឥស្លាម ហើយក៏កំពុងតែមានសំទុះយ៉ាងខ្លាំងក្នុងទីផ្សាអន្តរជាតិផងដែរ៕