(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តបង្ហាញរបាយការណ៍ ពាក់ព័ន្ធការបែកចែកថវិកា សម្រាប់បម្រើដល់វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលគ្រប់ដណ្តប់លើក្រសួង៣ រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដោយត្រូវចំណាយថវិកាចំនួន ៨៥០លានដុល្លារអាមេរិក។
ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា កន្លងមកមានអ្នកនយោបាយ និងមជ្ឈដ្ឋានមួយចំនួន តែងតែបន្តរិះគន់មកលើរាជរដ្ឋាភិបាល ចំពោះការវិភាជថវិកា (បែងចែកថវិកា) វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសចំពោះការបង្កើនថវិកា នៅក្នុងវិស័យនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា ជាទូទៅនៅក្នុងពិភពលោកនេះ មានប្រទេសជាច្រើន រួមទាំងប្រទេសមហាអំណាចផង មិនបានធ្វើការបង្ហាញដោយស្មោះត្រង់ នូវការវិភាជថវិកា និងតួលេខចំណាយថវិកា វិស័យការពារជាតិ សន្តិសុខ របស់ខ្លួនទេ ព្រោះព័ត៌មាននេះ ពាក់ព័ន្ធទៅនឹងសន្តិសុខរបស់ប្រទេស ដែលគេត្រូវតែរក្សាជាការសំងាត់របស់ជាតិ។ តាមច្បាប់របស់ប្រទេសខ្លះ ការធ្វើឱ្យបែកធ្លាយនូវព័ត៌មានទាំងនេះ អាចនឹងមានទោសទណ្ឌថែមទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងការរិះគន់កន្លងមក នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ដោយផ្អែកទៅតាមចំណាត់ថ្នាក់ថវិការបស់កម្ពុជា គឺវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺគ្របដណ្តប់លើក្រសួងចំនួន០៣ គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ (ទាំងផ្នែករដ្ឋបាលទូទៅ ទាំងផ្នែកសន្តិសុខសាធារណៈ) និងក្រសួងយុត្តិធម៌ (រួមទាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងតុលាការគ្រប់ជាន់ថ្នាក់ផងដែរ)។
ចំណាយថវិកាវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅឆ្នាំ២០១៧ ត្រូវបានគ្រោងចំនួន ៣ ៤៤១ ៥២៣ លានរៀល, សមមូលប្រមាណ ៨៥០ លានដុល្លារ, ត្រូវជា ៣.៨៧% នៃ ផសស (ផលិតផលក្នុងស្រុកសរុប) និងមានកំណើន២១% ធៀបនឹងច្បាប់ឆ្នាំ២០១៦ និងមានសមាមាត្រស្មើនឹង១៧.១% នៃចំណាយថវិកាថ្នាក់ជាតិ ក្នុងនោះចំណាយបន្ទុកបុគ្គលិក មានចំនួនរហូតទៅដល់៧៧.៨% ឬស្មើនឹងប្រមាណ ៦៤២ លានដុល្លារ នៃចំណាយចរន្ត ដែលមានកំណើន ២៦.៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦, ចំណែកឯចំណាយមិនមែនបន្ទុកបុគ្គលិក មានតែត្រឹម២២.២% ឬស្មើនឹងប្រមាណ១៨៣ លានដុល្លារ នៃចំណាយសរុបរបស់វិស័យ ហើយមានកំណើនតែ ២.៥%ប៉ុណ្ណោះ ធៀបនឹងច្បាប់ឆ្នាំ ២០១៦។ បើគិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧, ចំណាយចរន្តវិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈបានកើនពីទំហំ ២.៩២% នៃ ផសស ដល់ទំហំត្រឹម ៣.៧៥% នៃ ផសស ប៉ុណ្ណោះ (នេះគឺរាប់ទាំងក្រសួងយុត្តិធម៌ចំនួនជាង ០.១៤% នៃ ផសស ដែលទើបបញ្ចូលមកក្នុងវិស័យនេះ ចាប់តាំងពីឆ្នាំ២០១៥ មកផង)។
ដោយឡែកថវិការបស់ក្រសួងការពារជាតិវិញ ត្រូវបានគ្រោងចំនួន ១ ៨៥៧ ១១៧ លានរៀល, សមមូលប្រមាណ ៤៥៩លានដុល្លារ, ត្រូវជា ២.០៩% នៃ ផសស និងមានកំណើន ១៩.៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ដោយក្នុងនោះ ចំណាយបន្ទុកបុគ្គលិកមានចំនួនរហូតទៅដល់ ៨៣.១% ឬស្មើនឹងប្រមាណ ៣៨១ លានដុល្លារ និងមានកំណើនរហូតដល់ ២៤.៤% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ចំណែកឯចំណាយមិនមែន បន្ទុកបុគ្គលិកវិញ មានចំនួនត្រឹមតែ ១៦.៩% ឬស្មើនឹងប្រមាណតែ ៧៧ លានដុល្លារ និងមានកំណើនត្រឹមតែ ០.៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ប៉ុណ្ណោះ។ បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ចំណាយបន្ទុកបុគ្គលិកបានកើនឡើងពីប្រមាណ ១៨៧ លានដុល្លារ រហូតដល់ ៣៨១ លានដុល្លារ ចំណែកឯចំណាយមិនមែនបន្ទុកបុគ្គលិកវិញ គឺបានកើនឡើងត្រឹមតែពីប្រមាណ ៥២ លានដុល្លារ មកប្រមាណតែ ៧៧ លានដុល្លារប៉ុណ្ណោះ។
តាមរយៈតួលេខនៃការវិភាជថវិកាខាងនេះ បង្ហាញឱ្យឃើញថា ការបង្កើនចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និយាយជារួម និង និយាយឡែក ការបង្កើនចំណាយក្រសួងការពារជាតិ គឺដើម្បីអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់បៀវត្សយ៉ាងតិចជាង ១ លានរៀល ជូនកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៨ ដូចគ្នានឹងមន្រ្តីរាជការស៊ីវិលដែរ ដើម្បីលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងយោធា ទាំងនគរបាល។ ដូចនេះ ការរិះគន់មកលើការបង្កើនថវិកាលើវិស័យការពារជាតិ សន្តិសុខ គឺមានន័យស្មើនឹងមិនបានគិតគូរទៅដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងសុខមាលភាពរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងជាការមើលងាយ មិនឱ្យតម្លៃដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ និងផ្តល់នូវភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជន។
គួរបញ្ជាក់ដែរថា ការវិភាជថវិកាវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណះនៅឆ្នាំ២០១៧ បានផ្តល់អាទិភាពជាសំខាន់ផ្ដោតទៅលើ៖
* ការបង្កើនការគាំទ្រដល់កិច្ចដំណើរការ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលតុលាការ ក្នុងគោលដៅធានាឱ្យបាននូវប្រព័ន្ធយុត្តិធម៌មួយ ដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពង្រឹងគោលការណ៍នីតិរដ្ឋ ក្នុងលទ្ធិប្រជាធិបតេយ្យសេរី ការធានាយុត្តិធម៌សង្គម ព្រមទាំងការបង្កើតបរិយាកាស ជឿទុកចិត្ត សម្រាប់ទាក់ទាញការវិនិយោគ
* ការបន្តផ្តល់ថវិកាការពារក្តីជូនគណៈមេធាវីកម្ពុជា ដើម្បីផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគាត់ តាមផ្លូវតុលាការ
* ការបង្កើនការគាំទ្រដល់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ស្រ្តី និងកុមារ
* ការបន្តផ្តោតការយកចិត្តទុកដាក់លើជីវភាព និងសុខមាលភាពកងកម្លាំងប្រដាប់អាវុធ រួមទាំងការហ្វឹកហ្វឺន និងការបំពាក់មធ្យោបាយចាំបាច់នានា ក្នុងបុព្វហេតុបន្តធានាកិច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភាពសុខក្សេមក្សាន្តរបស់ប្រជាជន
* ការបង្កើនការគាំទ្រដល់ការបណ្តុះបណ្តាលមន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារ ព្រមទាំងការផ្តល់ការលើកចិត្តដល់នគរបាលចរាចរណ៍ និងនគរបាលទេសចរណ៍
* ការបន្តគាំទ្រដល់ប្រតិបត្តិការផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ
* ការបន្តគាំទ្រដល់សកម្មភាពការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងការគាំទ្រដល់ការរៀបចំប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន នៅតាមគ្រប់មាត់ច្រកព្រំដែននៅទូទាំងប្រទេស និង
* ការបន្តគាំទ្រដល់ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព