(ភ្នំពេញ)៖ នៅកម្ពុជាក៏មានដែរ ប្រព័ន្ធផ្សព្វផ្សាយជាសម្លេង និងជាសំណេរ ដែលមាននិន្នាការផ្កាប់មុខលើកសរសើរតែមេដឹកនាំគណបក្សប្រឆាំង និងបន្តុះបង្អាប់រាល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាចក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ នេះជាការលើកឡើងរបស់ក្រុមអ្នកវិភាគ ឆ្លើយតបទៅនឹងចម្ងល់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការ ភ្ជាប់ជាមួយតំណរអត្ថបទផ្សាយទាក់ទងទៅនឹងលោក ដូណាល់ ត្រាំ អះអាងថា បណ្ដាញផ្សព្វផ្សាយ CNN និងកាសែត New York Times ជាបណ្ដាញព័ត៌មាន Clinton (Clinton News Network)។
លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតមិនទាន់បានស្បថចូលកាន់តំណែងផង បានទម្លាយសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយរិះគន់ចំៗយ៉ាងចាស់ដៃទៅលើបណ្ដាញ សារព័ត៌មានដែលធ្លាប់អួតថា មានវិជ្ជាជីវៈខ្ពស់ និងឯករាជ្យពេញខ្លួននោះ គឺ CNN និងកាសែត New York Times។ លោក ត្រាំ បានចាត់ទុកថា ព័ត៌មានពីរនេះ គឺជាបណ្តាញឃោសនាឲ្យគ្លីនតុន (Clinton News Network)។
សម្តីរបស់លោក ត្រាំ ប្រៀបបាននឹងការបកស្បែកទូរទស្សន៍ CNN និងកាសែត New York Times និងហាក់ដូចជាលោក ត្រាំ ចង់បញ្ជាក់ប្រាប់ពិភពលោកថា បណ្តាញផ្សព្វផ្សាយព័ត៌មានពីរនេះ គឺគាំទ្រផ្កាប់មុខផុតលេខទៅលើលោកស្រី គ្លីនតុន។ បន្ទាប់ពីលាតត្រដាងនូវវាំងននខ្មៅ ពិភពលោកអាចវាយតម្លៃបានថា CNN និង New York Times គឺជាសារព័ត៌មានបំភ្លើស១០០ភាគរយ។ បណ្ដាញសារព័ត៌មានទាំងពីរ ចុះផ្សាយតែពីរឿងអាក្រក់របស់លោក ត្រាំ និងសរសេរលើក សរសើរតែលោកស្រី ហ៊ីល ឡារីគ្លីនតុន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី៤៥។
មានសំណួរមួយសួរថា បើចរិតពិតរបស់សារព័ត៌មានធំៗរបស់អាមេរិកដូច្នេះទៅហើយ ចុះតើវិទ្យុអាស៊ីសេរី RFA និង VOA ចាយលុយដុល្លាររាប់លានក្នុងមួយឆ្នាំៗនោះ គួរឲ្យទុកចិត្តបានកំរិតណាទៅ?
មុននឹងបកស្រាយពីបញ្ហានេះ យើងខ្ញុំសូមនិយាយអំពីលោក ត្រាំ បន្តិច។ លោក ត្រាំ គឺជាអ្នកនយោបាយរបស់ សហរដ្ឋអាមេរិក ដែលហ៊ាននិយាយការពិតអំពីរឿង មិនល្អរបស់អាមេរិកខ្លួនឯងឲ្យពិភពលោកបានដឹង ហើយតាំងពីដើមមក មិនធ្លាប់មានមេដឹកនាំអាមេរិករូបណារិះគន់ CNN នោះទេ គឺមានតែលោកត្រាំម្នាក់គត់។
ងាកមកនិយាយពីបណ្តាញព័ត៌មានអាមេរិកក្នុងស្រុកខ្មែរវិញម្តង។ មានវិទ្យុពីរ ដែលជានិច្ចកាលតែងតែលឺការផ្សាយជេរប្រទេចលើរាជរដ្ឋាភិបាលមិនប្រណីមាត់ ទី១ គឺ អាស៊ីសេរី ជេរតាមវិទ្យុមិនអស់ចិត្ត បានបង្កើតទូរទស្សន៍អនឡាញ និងគេហទំព័រហ្វេសប៊ុកជេរបន្ថែមទៀត ដើម្បីទារលុយពីអាមេរិក (ជេរច្រើនបានលុយច្រើន ជេរតិចលុយតាមហ្នឹង) និងទី២ គឺ VOA ។ វិទ្យុទាំងពីរនេះ មិនដែលផ្សាយពីការរីកចម្រើនរបស់កម្ពុជាទេ។
វិទ្យុទាំងនេះ បោះទីតាំងនៅស្រុកខ្មែរ បានដើរតួជាសេនាធិការនយោបាយឲ្យគណបក្សប្រឆាំង ដើម្បីផ្សព្វផ្សាយព័ត៌មានបំផ្លើស បំភ្លៃបំប៉ោងសភាពការណ៍ពិត នៅកម្ពុជា។ ទាំងអាស៊ីសេរី និងទាំងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានទុកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកៀនជញ្ជាំង ជាជំនួសវិញ គឺពួកគេបើកយុទ្ធនាការ វាយប្រហារឥតដកដៃទៅលើរដ្ឋាភិបាល និងបក្សកាន់អំណាច ដែលពួកគេគិតថា វិធីនេះ ងាយនឹងរកប្រាក់ចំណូលបានច្រើនៗ និងទៀងទាត់។
តាមពិតទៅវាមិនមែនជារឿងចម្លែករបស់រាជរដ្ឋាភិបាលនោះទេ ចំពោះវិទ្យុអាស៊ីសេរី និង VOA ស៊ីលុយអាមេរិក ផ្សាយព័ត៌មានបំភ្លើស និងញុះញង់ឲ្យមានកំហឹងមកលើ រដ្ឋាភិបាលនោះ តែគេលឺឡើងស៊ាំត្រចៀកទៅហើយ។ តែនៅពេលនេះលោក ដូណាល់ ត្រាំ រិះគន់បណ្ដាញសារព័ត៌មានអាមេរិកទើបជារឿងចម្លែក និងគួរឲ្យចង់តាមដាន។ បណ្ដាញសារព័ត៌មានស៊ីលុយអាមេរិកទាំងពីរនៅស្រុកខ្មែរនេះ ដើរតួមិនចាញ់ CNN និង New York Times នៅស្រុកអាមេរិកប៉ុន្មានទេ ក្នុងការរិះគន់អ្នកនយោបាយ ព្រោះទាំងអាស៊ីសេរី ទាំង VOA សុទ្ធតែស៊ីលុយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈគណបក្សប្រជាធិបតេយ្យ ដែលមានលោកស្រី ហ៊ីល ឡារីគ្លីនតុន ជាថ្នាក់ដឹកនាំមួយរូបដែរ។
សូមឲ្យមហាជនគិតពិចារណាទៅមើល បើលោកស្រី ហ៊ីល ឡារីគ្លីនតុន អាចប្រើ CNN ប៉ិនយក្សបាន ចុះទម្រាំអាស៊ីសេរី និង VOA តូចប៉ិនសត្វកណ្តុរហ្នឹង លោកស្រី គ្លីនតុន ងាយស្រួលបង្គាប់បញ្ជាយ៉ាងណា? អាស៊ីសេរី និង VOA គ្រាន់តែជាឧបករណ៍បំពងសម្លេងដ៏តូចមួយ របស់អ្នកនយោបាយអាមេរិកតែប៉ុណ្ណោះ។
អាមេរិកបានជះលុយរាប់លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីឲ្យជួយបំពងសំឡេងគាំទ្របក្សប្រឆាំងនៅកម្ពុជា ហើយពេលណាអាចបោកអ្នកស្ដាប់បាន ឬប្រសិនបើបក្ស ប្រឆាំងឈ្នះឆ្នោត គឺពួកចក្រពត្តិអាមេរិក នឹងមានភាពងាយស្រួលក្នុងការទាញកម្ពុជាឲ្យស្ដាប់តាមបញ្ជាខ្លួន ឬងាយក្នុងការលក់គ្រាប់បែក គ្រាប់ផ្ទុះឲ្យកម្ពុជា ឬក៏ងាយក្នុងការឲ្យកម្ពុជាខ្ចីលុយអាគាំង តកូន តចៅជាដើម ហើយក៍អាចយកកម្ពុជាធ្វើជាឈ្នាន់ ដើម្បីឈានទៅផ្លាស់ប្តូររបបនៅប្រទេសជិតខាងកម្ពុជាទៀតផង។
នៅពេលនោះ មេដឹកនាំបក្សប្រឆាំងនឹកសង្ឃឹមទុកថា ពួកខ្លួននឹងមានចំណែកនៃឥទ្ធិពលនោះពីអាមេរិក ហើយដរាបណា អាស៊ីសេរី និង VOA នៅតែស៊ីលុយអាមេរិកកាំង គឺគ្មានទេការផ្សាយដែលមានភាពជាឯករាជ្យនោះ។ ដូច្នេះបើអាស៊ីសេរី និង VOA មិនវាយប្រហារខ្លាំងៗទៅលើរដ្ឋាភិបាលកម្ពុជា ជាពិសេសនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ បុគ្គលិកទាំងនៅស្រុកខ្មែរ និងស្រុកអាគាំង ប្រឈមនឹងបាត់បង់អាជីពភ្លាម។
សរុបមក បណ្ដាញសារព័ត៌មានអាមេរិក គ្រាន់តែជាឧបករណ៍ចលនានយោបាយរបស់អាមេរិកតែប៉ុណ្ណោះ ហើយនៅស្រុកខ្មែរ វិទ្យុអាស៊ីសេរី និង VOA ក៏ដូចគ្នា ពីព្រោះអាមេរិកឲ្យលុយធ្វើការងារហ្នឹងច្រើនឆ្នាំហើយ។ ការដែលអាមេរិកខ្ចីដៃបក្សប្រឆាំងនៅកម្ពុជា ដើម្បីវាយប្រហារលើរដ្ឋាភិបាល ដោយសង្ឃឹមថា បក្សប្រឆាំងនឹងឈ្នះឆ្នោត ប៉ុន្តែអស់ពេលជាច្រើនឆ្នាំ ច្រើនអាណត្តិមកហើយ គេបានឃើញមេបក្សប្រឆាំងនៅតែរត់ចោលស្រុកដដែល។ ភាពបរាជ័យរបស់បក្សប្រឆាំង វាប្រាកដណាស់ថា នឹងផុយស្រួយ ឬនាំទៅដល់ការបិទការិយាល័យផ្សាយរបស់វិទ្យុទាំងពីរនេះនៅស្រុកខ្មែរ។ ប៉ុន្តែទោះបីវិទ្យុអាស៊ីសេរី និង VOA ខំផ្សព្វផ្សាយជេរ រដ្ឋាភិបាលយ៉ាងណាក្តី ក៏មិនអាចជួយឲ្យទណ្ឌិត សម រង្ស៊ី ឬបក្សប្រឆាំងនៅកម្ពុជាឈ្នះឆ្នោតឡើយ ដូចគ្នានឹង CNN និង New York Times ដែរ គ្មានបានជួយឲ្យលោកស្រី ហ៊ីល ឡារីគ្លីនតុន ឈ្នះផង ថែមទាំងបំផ្លាញលោកស្រី គ្លីនតុន ទៅវិញ ហើយលោក ដូណាល់ ត្រាំក៏បានហែកកេរ្តិ៍ពីបញ្ហានេះផងដែរ។
ដូច្នេះបរាជ័យរបស់លោកស្រី ហ៊ីល ឡារីគ្លីនតុន អាចជាមេរៀនសម្រាប់ វិទ្យុអាស៊ីសេរី និង VOA ត្រូវត្រៀមខ្លួនថកថយឲ្យហើយទៅ៕