(ភ្នំពេញ)៖ លោក OH HYUN-DEUK ប្រធានស្ថាប័ន KUKKIWON ដែលជាអង្គភាពគ្រប់គ្រងកីឡាតេក្វាន់ដូកម្រិតពិភពលោក World Taekwondo Headquarters បានសន្យាថា ខ្លួននឹងបន្ដជួយជ្រោមជ្រែងវិស័យកីឡាតេក្វាន់ដូកម្ពុជា ឲ្យកាន់តែរីកចម្រើន និងឈានទៅដណ្ដើមមេដាយកីឡាអូឡាំពិកឲ្យបាននៅថ្ងៃអនាគតទៀតផង។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាងលោក OH HYUN-DEUK និងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅទីស្នាក់ការ NOCC នាថ្ងៃទី២៥ ខែវិច្ឆិកានេះ ស្របពេលប្រធានស្ថាប័នតេក្វាន់ដូពិភពលោកខាងលើ ធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូង មកកាន់ប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ។
លោក OH HYUN-DEUK បានបញ្ជាក់ដែរថា ដំណើរទស្សនៈកិច្ចលើកដំបូងនៅកម្ពុជានេះ ដោយសារលោកចង់ឃើញពីស្ថានភាពកីឡាតេក្វាន់ដូកម្ពុជាបច្ចុប្បន្ន ពិសេសគឺការបណ្ដុះបណ្ដាលថ្នាលត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។ លោកបានសន្យាថា ប្រសិនកម្ពុជានៅមានកន្លែងខ្វះខាត លោកនឹងបន្ដជួយជ្រោមជ្រែងបន្ថែមទៀត ដើម្បីជំរុញកីឡាតេក្វាន់ដូកម្ពុជាឲ្យឈានដល់កម្រិតពិភពលោកនាថ្ងៃអនាគត។
ដោយឡែកលោក ថោង ខុន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបសម្ដែងការគួសម្យខាងលើថា វត្តមានរបស់លោក OH HYUN-DEUK នៅលើទឹកដីកម្ពុជានេះ គឺបានបង្ហាញឲ្យឃើញពីភាពរីកចម្រើនមួយកម្រិតបន្ថែមទៀត លើវិស័យកីឡាតេក្វាន់ដូ បន្ទាប់ពីកម្ពុជាបានចងសម្ព័ន្ធភាពជាមួយស្ថាប័ន KUKKIWON អស់រយៈពេលជាង ២០ឆ្នាំកន្លងទៅ ហើយកិច្ចសហប្រតិបត្តិការនេះ ក៏បានក្លាយជាទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។
លោកបន្ដថា ក្រៅពីសន្យាជួយអភិវឌ្ឍន៍កីឡាតេក្វាន់ដូបន្ថែម លោក OH HYUN-DEUK បានឯកភាពលើសំណើរសុំគ្រូបង្វឹកមកបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីកម្ពុជាឲ្យបានខ្លាំង ដើម្បីត្រៀមឆ្ពោះទៅដណ្ដើមមេដាយកីឡាអូឡាំពិកឲ្យបាននៅឆ្នាំក្រោយៗផងដែរ។ លើសពីនេះកម្ពុជា ក៏បានស្នើឲ្យស្ថាប័ន KUKKIWON ផ្ដល់អាហារូបករណ៍ដល់ក្រុមថ្នាលវ័យក្មេងកម្ពុជាមួយក្រុម ដើម្បីបណ្ដុះបណ្ដាលពួកគេឲ្យមានសមត្ថភាពត្រៀមប្រជែងមេដាយពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។
គួរបញ្ជាក់ថា ស្ថាប័ន KUKKIWON គឺជាស្ថាប័នឯករាជមួយ ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ ហើយស្ថាប័ននេះមានសមាជិកជាង ២០០ប្រទេសលើពិភពលោក។ នៅពេលមានការប្រកួតអន្ដរជាតិម្ដងៗ ប្រសិនបើគ្មានការអនុញ្ញាតពីស្ថាប័នេះ ការប្រកួតកីឡាតេក្វាន់ដូនោះ ក៏មិនមានការទទួលស្គាល់ដែរ ជាក់ស្ដែងដូចជាការប្រកួតដំឡើងខ្សែក្រវាត់ខ្មៅជាដើម។ ប៉ុន្ដែកម្ពុជា ត្រូវបានស្ថាប័ន KUKKIWON អនុញ្ញាតឲ្យរៀបចំការប្រកួតកម្រិតខ្សែក្រវាត់ខ្មៅដោយខ្លួនឯងហើយ៕