(សេអ៊ូល)៖ គ្រឿងយន្ដកសិកម្មប្រមាណ ១,០០០គ្រឿងរួមមានទំាងត្រាក់ទ័រ និងយានយន្តកសិកម្មជា ច្រើនគ្រឿងផេ្សងទៀត នឹងធ្វើដំណើរចូលទៅដល់ទីក្រុងសេអ៊ូល ដើម្បីចូលរួមក្នុងបាតុកម្មតវ៉ានៅថ្ងៃសុក្រនេះ ទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចុះចេញពីតំណែង ខណៈបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ដែលគេរំពឹងថានឹងមានបាតុករ ២លាននាក់ចូលរួមនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមរូបភាពបង្ហោះដោយស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុក គេឃើញកសិករជាច្រើននាក់បើកត្រាក់ទ័រ និងយានយន្ដកសិកម្មរបស់ពួកគេ សំដៅចូលទៅក្នុង ទីក្រុងសេអ៊ូល ដោយក្នុងនោះមានដោតទង់ ដែលមានសរសេរអក្សរនៅពីលើនោះថា «ធានាស្ថេរភាពតម្លៃស្រូវ! ចាប់ខ្លួនលោកស្រី ផាក! លោកស្រី ផាក អើយចុះចេញទៅ!»។ ទន្ទឹមគ្នានោះដែរកងកម្លាំងប៉ូលិសក្រុងសេអ៊ូល បានហាតមឃាត់ចំពោះការបើកត្រាក់ទ័រចូលក្រុងក្រោមហេតុផលកកស្ទះចរាចរណ៍ ក៏ប៉ុន្តែតុលាការទីក្រុងសេអ៊ូល បានអនុញ្ញាតឱ្យក្រុមកសិករធ្វើបាតុកម្មតវ៉ា ក្នុងលក្ខខណ្ឌមិនឱ្យយកត្រាក់ទ័រចូលក្រុង។
គួរបញ្ជាក់ថា ក្រុមបាតុករជាកសិករបានធ្វើដំណើរតាមត្រាក់ទ័រ ចេញពីទីជនបទរបស់ពួកគេដោយចំណាយពេលជាង១០ថ្ងៃ ដើម្បីធ្វើដំណើរមកកាន់ទីក្រុងសេអ៊ូល ហើយពួកគេនឹងមានគំរោងប្រមូលផ្ដុំគ្នា នៅឯឧទ្យាន Sejongno ក្បែរទីលាន Gwanghwamun ស្ថិតនៅកណ្ដាលក្រុងសេអ៊ូល មុននឹងនាំគ្នាដើរហែរជាក្បួនឆ្ពោះទៅកាន់ វិមានប្រធានាធិបតីលោកស្រី ផាក គឺនហេ។ ការតវ៉ានេះរៀបចំឡើងដោយសម្ព័ន្ធកសិករកូរ៉េខាងត្បូង៕