(កោះកុង)៖ ពិតជាអាសូរណាស់លោកអើយ ២នាក់ប្តី-ប្រពន្ធ មានកូនរហូតទៅដល់១៣នាក់ មានជីវភាពយ៉ាងក្រលំបាក ស្ទើរតែរកបាយហូបមិនបាន ហើយគ្មានលុយគ្មានកាក់នៅក្នុងខ្លួនទៀតផង។ អ្វីដែលកាន់តែយ៉ាប់ទៀតនោះ គឺពួកគេឥឡូវនេះមានកូន៥នាក់ បានធ្លាក់ខ្លួនឈឺ ហើយត្រូវយកទៅព្យាបាលនៅមន្ទីរបង្អែកខេត្តកោះកុង ថែមទៀតផង។
បន្ទាប់ពីបានទទួលបានព័ត៌មានខាងលើនេះ សាខាសមាគមបញ្ញាវ័ន្ត និងយុវជនស្ម័គ្រចិត្តខេត្តកោះកុង និងសាខាកាំកុងត្រូលខេត្តកោះកុង នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំយកអំណោយចែកពួកគេ ដែលមានទីលំនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
គ្រួសារក្រីក្រខាងលើ ប្តីមានឈ្មោះ ខាន់ ឌីម អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ រស់ ខាត់ អាយុ៤៦ឆ្នាំ រស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានកូន១៣នាក់ ហើយ៥នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោក ខាត់ ឌីម បានរៀបរាបថា កាលពីមុនគាត់រស់នៅខេត្តកំពត ស៊ីឈ្នួសធ្វើសំណង់រាប់ឆ្នាំ ចិញ្ចឹមកូន១៣នាក់ រស់ក្នុងបន្ទុក ហើយគាត់បានប្ដូរទៅខេត្តកោះកុង ដោយគេឲ្យគាត់ចាំដីចម្ការមួយកន្លែង រយៈពេល១ខែហើយ តែពេលកូនគាត់ឈឺ គាត់គ្មានលុយ១រៀលទេ បានអ្នកជិតខាងនៅចំណុច២២៩៧ មានចិត្តសប្បុរសជូនពួកគាត់មកពេទ្យខេត្ត ដើម្បីព្យាបាល។
លោកបានបន្តថា នៅរសៀលនេះ គាត់បានជួបសំណាងណាស់ មិនដែលបានកាន់លុយចំនួន ៣០ម៉ឺនរៀលទេ ហើយលុយនេះទៀតសោធ គឺបានមកការជួយឧបត្ថម្ភពីសាខាសមាគម និងយុវជនស្ម័គ្រចិត្ត(ក)១២ ខេត្តកោះកុង ដែលមានលោក ហាក ឡេង ជាប្រធានចំនួន ២០ម៉ឺរៀល និងលោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុងចំនួន ១០ម៉ឺនរៀល។
ក្នុងព្យាបាលចំពោះគ្រួសារខាងនេះ លោកវេជ្ជ ហៃ ឡៃស៊ុន ប្រធានមន្ទីពេទ្យបង្អែកខេត្ត បានឲ្យដឹងថា ចំពោះក្រុមគ្រូពេទ្យធ្វើព្យាបាលដោយយកចិត្តទុកដាក់ ដោយមិនគិតការថ្លៃបង់សេវាអ្វីនោះទេ ធ្វើយ៉ាងណាឲ្យកូនរបស់ពួកគាត់ បានជាសះស្បើយតែប៉ុណ្ណោះ៕