(វ៉ាស៊ីនតោន)៖ ទីប្រឹក្សានយោបាយការបរទេស នៃលោក ដូណាល់ ត្រាំ និងជាអ្នកប្រកួតប្រជែង សម្រាប់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន បូលតុន (John Bolton) យល់ថាគំរោងបង្កើតកង ទ័ពឯករាជ្យពីអង្គការ NATO របស់សហភាពអឺរ៉ុប នឹងមិនអាចទៅរួចឡើយ ប៉ុន្តែបើវាពិតជាកើតឡើងមែននោះវាប្រៀបបីដូចជាយកកូនកាំបិត មកចាក់ចំបេះដូងរបស់អង្គការ NATO ដូច្នោះឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអាមេរិក Breitbart News Daily លោក ចន បូលតុន បានលើកឡើងយ៉ាងដូច្នេះថា «នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ យើងបានឃើញគំនិតនេះ (ការបង្កើតកងទ័ពអឺរ៉ុប) ដែលតែងតែត្រូវបានគេលើកឡើងម្ដងហើយម្ដងទៀត [....] ខ្ញុំជឿថាវាមិនអាចកើតឡើងនោះទេ ប៉ុន្តែបើវាកើតមែនវាប្រៀបដូចជាគេយកកូនកាំបិត មកចាក់ចំបេះដូងរបស់អង្គការ NATO ពោលគឺទំនាក់ទំនងរវាង NATO និងអឺរ៉ុប នឹងត្រូវស្លាប់»។ លោក ចន បូលតុន បន្តថា «បើសហភាពអឺរ៉ុបធានាថា ពួកគេអាចការពារពួកយើងបាន ខ្ញុំហ៊ាននិយាយថា ប្រជាជនអាមេរិកជាច្រើន នឹងយល់ព្រមឱ្យពួកគេបង្កើតកងទ័ពអឺរ៉ុប»។
គួររំលឹកថាកាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅសភាសហភាពអឺរ៉ុបបានអនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវបង្កើតកងទ័ពអឺរ៉ុប ហើយសំណើនេះនឹងត្រូវដាក់ ជូនក្រុមប្រឹក្សាអឺរ៉ុប នៅខែធ្នូ ខាងមុខនេះ ខណៈអង់គ្លេសក៏បានជំទាស់នឹងដំណោះស្រាយនេះផងដែរ៕