(សេអ៊ូល)៖ អ្នកជំនាញមួយដែលទើបតែត្រូវបានចាត់តាំងដោយ អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ដើម្បីស៊ើបអង្កេតទៅការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា លោកស្រីកំពុងរៀបចំគោងដើម្បីធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ព្រោះថាវាគឺជាសំខាន់មួយក្នុងការស្តាប់ពីគំនិតយល់ឃើញផ្ទាល់របស់ប្រជាជនដែលរស់នៅទីនោះ ហើយនឹងកំណត់ដំណោះស្រាយដែលសមស្របសម្រាប់បញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៥ ខែវវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាកាលពីខែកញ្ញាកន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានចាត់បញ្ចូលលោកស្រី Sara Hossain និងលោកស្រី Sonja Biserko ទៅក្នុងក្រុមអ្នកជំនាញឯករាជ្យមួយដែលទទួលបន្ទុកលើតាមដានការរំលោភបំពានសិទ្ធិមនុស្ស នៅប្រទេសកូរ៉េខាងជើង ដើម្បីជួយដល់អ្នករាយការណ៍ពិសេសរបស់ UN លោក Tomas Ojea Quintana សិក្សាស្រាវជ្រាវទៅលើបញ្ហានេះ។
ជាចុងក្រោយថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មាន យុនហ៉ាប់ លោកស្រី Sara Hossain បានឲ្យដឹងដែរថា «ពួកយើងបានទាក់ទងដោយផ្ទាល់ ទៅកាន់រដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីសុំការអនុញ្ញាត ក្នុងការធ្វើដំណើរទៅកាន់ប្រទេសរបស់ពួកគេរួចរាល់អស់ហើយ នៅរង់ចាំតែការឆ្លើយតបមកវិញតែប៉ុណ្ណោះ» ហើយប្រសិនបើពួកគេបដិសេធ ក្រុមរបស់លោកស្រីនឹងនៅតែបន្តព្យាយាមស្នើហើយស្នើទៀតរហូតទាល់តែបានទៅឈានជើង ដល់ទឹកដីកូរ៉េខាងជើង ដើម្បីស្វែងយល់ពី បញ្ហារំលោភបំពានសិទ្ធិមនុស្សយ៉ាងល្អិតល្អន់នៅទីនោះ»៕