(កំពង់ធំ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ជំនាញស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកសត្វសេះ (សេះប្រណាំង) របស់ក្រុមហ៊ុន «អង្គរសុខសារិទ្ធិមានជ័យ» របស់ឧកញ៉ា ជឹម សុខ ក្រោយពេលនាំចូលពីប្រទេសថៃ ឆ្ពោះទៅប្រទេសវៀតណាម ដោយសារតែមិនទាន់មានឯកសារគ្រប់គ្រាន់ (ឯកសារពិនិត្យសុខភាពសត្វ)។
ប្រតិបត្តិការចាប់រថយន្តដឹកសត្វសេះ ដែលមានចំនួន៤ក្បាល របស់ឧកញ៉ាល្បីរកស៊ីនាំសត្វពាហនៈមួយនេះ បានធ្វើឡើងក្រោមការដឹកនាំពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចទល់មុខការ៉ាសាំង តេលា ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់។
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក អ៊ិត សុធា បានបញ្ជាក់ថា «ក្រោយការឃាត់ នៅព្រឹកមិញ យើងឲ្យជំនាញពិនិត្យលើឯកសារ ដោយសារតែគាត់ (ឧកញ៉ា ជឹម សុខ) ខ្វះឯកសារពិនិត្យសុខភាពសត្វ ដើម្បីឲ្យបំពេញបន្ថែម។ គាត់នាំចូលពីថៃទៅវៀតណាម ហើយជាសេះធំ អាចសេះប្រណាំង»។
សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ដដឹកសត្វសេះទាំង៤ក្បាលនេះ គឺធ្វើដំណើរចេញពីប្រទេសថៃ តាមច្រកអូរបីជាន់ទឹកដី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ជាប្រភេទរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ទ្រុងពណ៍បៃតងចំណុះ៥តោន ពាក់ស្លាកលេខ ភ្នំពេញ3C-5766។
ការដឹកជញ្ជូនសត្វសេះនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ នាំចូលតាមច្រកអូរ៣ជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប្រភេទសេះប្រណាំង នាំចូលពីប្រទេសអ៊ឺរ៉ុប មានតម្លៃ១ក្បាល ខ្ទង់ម៉ឺនដុល្លារ៕