(សៀមរាប)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងលើកទឹកចិត្តគ្រប់បែបយ៉ាង ការផ្គត់ផ្គង់ បំពាក់ និងការផ្តល់កញ្ចប់ថវិកាហ្វឹកហ្វឺនបំប៉នដើម្បីពង្រឹង និងពង្រីកសមត្ថភាព នៃកងយោធពលខេមរភូមិន្ទ ឲ្យមានវិជ្ជាជីវៈជំនាញកាន់តែមុតស្រួច មានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញបេសកកម្ម បម្រើផលប្រយោជន៍របស់ប្រទេសជាតិ។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការ ដល់សិក្ខាកាម២០០នាក់ នៅសាលាពលទាហានទី៤ ស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ស្ថាប័នសេនាធិការ គឺជាស្ថាប័នមួយសម្រាប់ជួយដល់ មេបញ្ជាការ ក្នុងការដឹកនាំ ដំណើរការ នូវរាល់សកម្មភាពការងារដឹកនាំបញ្ជាប្រយុទ្ធ។ យុទ្ធសាស្រ្ត នៃការហ្វឹកហ្វឺនបំប៉ន ការងារសេនាធិការ គឺត្រូវប្រែក្លាយនាយទាហានឲ្យចេះសិក្សាស្រាវជ្រាវ ប្រកាន់ខ្ជាប់នូវស្មារតីរៀនសូត្រ ចេះដោះស្រាយ គ្រប់យថាហេតុ។
ក្នុងនោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹង ប្រែងរបស់យោធភូមិភាគទី៤ កងពលតូចថ្មើរជើងលេខ៤១, លេខ៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប, កំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ កងការពារព្រំដែនគោកលេខ៤០២, ៤០៣ គណៈកម្មការគ្រប់គ្រងវគ្គ និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ ធ្វើឲ្យវគ្គបំប៉នការងារសេនាធិការ អនុវត្តន៍តាមផែនការកំណត់។ នាយឧត្តមសេនីយ៍ បន្តថា វគ្គហ្វឹកហ្វឺនបំប៉ននេះ ពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការក្នុងការពង្រឹងសមត្ថភាពជំនាញ លើការងារធ្វើជាសេនាធិការឲ្យមេញ្ជាការ តាមបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ ដើម្បីធានារ៉ាប់រងក្នុងការបំពេញតួនាទី ភារកិច្ចតាម ភូមិសាស្រ្តនីមួយៗ ដែលបានប្រគល់ឲ្យ ក្នុងកិច្ចការពារបូរណភាពទឹកដី នៃមាតុភូមិជាតិកម្ពុជា។
លោកអគ្គមេបញ្ជាការកងទ័ព ក៏បាននាំមកនូវការសាកសួរសុខ ទុក្ខនឹករឮកយ៉ាងជ្រាលជ្រៅបំផុត និងការកោតសរសើរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមទាំងអស់ចំណុះ យោធភូមិភាគទី៤ ដែលបានសហការយកចិត្តទុកដាក់ក្នុងការសិក្សារៀន សូត្របំប៉នជំនាញវិជ្ជាជីវៈរបស់ខ្លួន សំដៅបង្កើននូវចំណេះដឹង ចំណេះធ្វើ និងពង្រីកសមត្ថភាពជំនាញ ក្នុងកងយោធ ពលខេមរភូមិន្ទ ឲ្យកាន់តែរឹងមាំ និងប្រកបដោយគុណភាព។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចជា៖ ត្រូវបង្កើនស្មារតីឆន្ទៈ មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា លក្ខន្តិកៈ បទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិតរបស់ប្រជាជាតិ ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជន ហើយបណ្តាកងឯកភាពចំណុះយោធភូមិភាគ ត្រូវបន្តការខិតខំហ្វឹកហ្វឺនក្បួនយោធាឲ្យបានហ្មត់ចត់ អប់រំចិត្តសាស្ត្រឲ្យបានល្អដល់នាយទាហាន នាយទាហាន និងពលទាហានទាំងអស់ ឲ្យមានឆន្ទៈប្រយុទ្ធរឹងប៉ឹងមោះមុត ស្ទាត់ជំនាញលើផ្នែកបច្ចេកទេស យុទ្ធវិធី វិន័យម៉ឺងម៉ាត់ មានការសាមគ្គីឯកភាពខ្ពស់ក្នុងការ ដឹកនាំបញ្ជា និងថែរក្សា សម្ភារៈសឹក ថែរក្សាសុខុមាលភាពនោះទើប សក្តានុពលនៃកម្លាំងរបស់បណ្តាកងឯកភាព កាន់តែមានភាពរីកចម្រើន ថែមទៀត។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលមាន រួមផ្សំការខិតខំក្រេបជញ្ជក់ ចំណេះដឹងផ្សេងៗ និងបទពិសោធន៍ល្អៗ ពីយោធាចារ្យ ដើម្បីបង្កើតបានទៅជាចលករសម្រាប់ អភិវឌ្ឍខ្លួន និងប្រែក្លាយទៅជានាយទាហានសេនាធិការដ៏ល្អឆ្នើមមួយរូប ដើម្បីបម្រើឲ្យមេញ្ជាការ និងបម្រើឲ្យបណ្តាកងឯកភាព ចំណុះយោធភូមិភាគទី៤ រួមចំណែកក្នុងការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើន៕