(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ឲ្យដឹងថា ក្រោយការផ្ទេរការផលិតសម្ភារ:របស់រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និង រណប ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវជាផ្លូវការ ខ្លួននឹងក្លាយជាអ្នកបញ្ជាទិញឧបករណ៍អវៈយវ:ជនពិការនេះ ទៅចែកចាយ បន្តនៅបរទេសវិញ។ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងបន្តថា នេះគឺជាមោទនភាពមួយសម្រាប់កម្ពុជាដែល កាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា ហៅកាត់ថា ICRC ជឿជាក់លើស្នាដៃនៃការផលិតឧបករណ៍ទាំងនេះ ហើយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជឿជាក់ថា នាថ្ងៃអនាគត សម្ភារ:របស់រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និង រណប នឹងមានការចែកចែកបន្តទៅកាន់បរទេសផងដែរ តាមរយៈការចែកចាយពីកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើឡើង ខណៈលោក បានចូលរួមពិភាក្សាការងារជាមួយ រដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈប្រតិភូ កាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា រួមនឹងមន្រ្តីជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសង្គមកិច្ច។
ជាមួយគ្នានោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្រសួងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការផលិតឧបករណ៍ អវៈយវ:សិប្បនិម្មិត និង រណប នៃរោងចក្រផលិតនេះដំណើរការបានល្អ ដើម្បីជួយដល់ជនពិការនៅទូទាំងប្រទេស។
លោក Bart VERMANN ប្រធានគណ:កម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការផ្ទេរការផលិតសម្ភារ:របស់រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និងរណប ជូនក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវវិញ ដោយសារតែ គណ:កម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា ហៅកាត់ថា ICRC មើលឃើញពីលទ្ធភាព នៃការផលិតសម្ភារ: របស់ រោងចក្រផលិតឧបករណ៍ អវៈយវ:សិប្បនិម្មិត និងរណប របស់កម្ពុជា និងជាការសហការគ្នាជួយដល់ជនពិការផងដែរ។
រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និង រណប បានចាប់ផ្តើមការផលិតតាំងពីឆ្នាំ១៩៩១ បានចែកចាយសម្ភារ:ជូនជនពិការ នៅតាមមណ្ឌលស្តារពលកម្មកាយសម្បទាទាំង១១ នៅទូទាំងប្រទេស ជនពិការ ដែលទទួលបានសម្ភារៈទាំងនោះ សរុបមាន ជាង២ម៉ឺននាក់ក្នុង១ឆ្នាំ។ការផ្តល់ជូនសម្ភារ:រៀងរាល់ឆ្នាំនេះ ធ្វើឡើងដើម្បីសម្រូលដល់ការរស់នៅ ប្រចាំថ្ងៃរបស់ជនពិការ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណ:កម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា ខ្លួនមានបំណងនឹងផ្ទេរការផលិតសម្ភារ:របស់រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និងរណប ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវវិញ។រហូតមកដល់ពេលនេះ រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និងរណប នៅមិនទាន់ក្លាយជាកម្មសិទ្ធិ របស់ ក្រសួងសង្គមកិច្ចជាផ្លូវការ នៅឡើយ ប៉ុន្តែការផ្ទេរនេះ កំពុងដំណើរការទៅតាមនីតិវិធី ហើយនឹងមានការប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗនេះផងដែរ៕