(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ជំរុញឲ្យអភិបាលក្រុងស៊ូវ៉ុន និងសប្បុរជន នៃសាធារណរដ្ឋកូរ៉េ បន្តការគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើន ព្រោះមានសមទ្ធិផលជាច្រើន ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប និងក្រុងស៊ូវ៉ុន ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដែលកាន់តែធ្វើឲ្យប្រជាជននៃខេត្ត-ក្រុងទាំងពីរ ផ្សាភ្ជាប់គ្នាជានិច្ច ដោយបានរួមសុខ រួមទុក្ខនឹងគ្នា នៃចំណងមិត្តភាពកម្ពុជា-កូរ៉េ។
ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈដែលលោកអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួនជាមួយគណៈប្រតិភូក្រុងស៊ូវ៉ុន ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក យ៉ុង តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ ក្រុងសម្ព័ន្ធមេត្រីភាព ក្រុងស៊ូវ៉ុន និងខេត្តសៀមរាប បានកសាងនូវសមទ្ធិផល ជាច្រើន សំខាន់ការចូលរួម ចំណែកការអភិវឌ្ឍន៍នៅខេត្តសៀមរាប លើវិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសការបង្កើតភូមិ មិត្តភាពភ្នំក្រោម ស៊ូវ៉ុន ព្រមទាំងការបណ្តុះបណ្តាលមុខជំនាញជូនដល់ប្រជាពលរដ្ឋ ហើយជាក់ស្តែងគឺ សមទ្ធិផលថ្មី អគារសិក្សាវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។
លោកអភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចអាជ្ញាធរក្រុង ស៊ូវ៉ុន និងសប្បុរសជនកូរ៉េ ក៏ដូចជាសមាគមប្រជាជនកូរ៉េ ដែលបានផ្តល់នូវអគារសិក្សាដល់កូនចៅ ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ក្នុងភូមិភ្នំក្រោម ស៊ូវ៉ុន នូវចាប់ពីថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលសបញ្ជាក់ពីការ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ អភិបាលខេត្ត ក៏បានលើកឡើងផងដែរ ពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើ វិស័យកសិកម្ម និងទេសចរណ៍ ព្រមទាំងលើក នូវតម្រូវការចាំបាច់របស់ខេត្ត លើវិស័យទេសចរណ៍ និងបច្ចេកទេសកសិកម្ម។ ម៉្យាងទៀតក្រុងសៀមរាប ជាក្រុងបុរាណផងនោះ ដូច្នេះតម្រូវការចាំបាច់បំផុត ក្នុងពង្រីកនូវក្រុងរណប ក្នុងគោលដៅបម្រើវិស័យទេសចរណ៍ ដើមី្បបម្រើតម្រូវការរបស់ភ្ញៀវ ឲ្យបានស្នាក់នៅបានយូរថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ។
ជាមួយគ្នានោះដែរ លោក យ៉ុង តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន ក៏បានបញ្ជាក់ថា នៅពេលខាងមុខនេះ ក្រុងស៊ូវ៉ុន នឹងធ្វើការផ្តល់នូវកង់ ជូនដល់សិស្សានុ សិស្សនៃវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន ម្នាក់មួយ។ ក្នុងនោះលោក ក៏មានចំណាប់អារម្មណ៍ ចំពោះការលើកឡើង អំពីបញ្ហាទីផ្សារក្រពើនៅខេត្តសៀមរាប ដោយប្រជាជនកូរ៉េ ក៏មានតម្រូវការ ក្នុងការប្រើប្រាស់នូវសម្ភារៈ ដែលផលិតចេញពីស្បែកក្រពើផងដែរ។ ម៉្យាងទៀត ក្រុងស៊ូវ៉ុន ជាក្រុងមួយដែលល្បីល្បាញខាង (អាយធី) និងពីសម្លៀកបំពាក់ទាន់សម័យទៀតផង។
បន្ថែមពីនេះ លោក យ៉ុង តែយ៉ុង បានលើកផងដែរថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត-ក្រុង ទាំងពីរកាន់តែធ្វើឲ្យចំណងមិត្តភាព ប្រទេសទាំងពីរមានភាពរឹងមាំ និង បានជម្រុញកិច្ចសហប្រតិបត្តិការរវាងខេត្ត សៀមរាប ក្រុងស៊ូវ៉ុន កាន់តែដំណើរការទៅមុខ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោក អភិបាលក្រុង ក៏មានក្ដី សង្ឃឹមជឿជាក់ផងដែរ នូវរាល់កិច្ចការដែលខេត្តសៀមរាបលើកឡើងនោះ នឹងធ្វើកិច្ចពិភាក្សាគ្នាបន្តទៀត ក្នុងការស្វែងរក ក្រុមហ៊ុន ឬអ្នកវិនិយោគ ចូលមកវិនិយោគនៅខេត្តសៀមរាប។
ក្នុងនោះលោក យ៉ុង តែយ៉ុង បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ និងគ្នានាកន្លងមកនេះ។ ម៉្យាងទៀតការរៀបចំនូវភ្លើងបំភ្លឺតាមដងផ្លូវទៅកាន់សាលា និងការតភ្ជាប់បណ្តាអគ្គិសនី ចូលទៅអគារវិទ្យាល័យ ក្នុងការបម្រើដល់វិស័យអប់រំសិក្សា ហើយរដ្ឋាភិបាលក្រុងស៊ូវ៉ុន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចអភិវឌ្ឍន៍ភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានជីវភាពប្រសើរឡើងផងដែរ។
នារាត្រីនោះដែរ អភិបាលខេត្ត ក៏បានរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈ ប្រតិភូក្រុងស៊ូវ៉ុន នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាបផងដែរ៕