Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ពិចារណាលើការបង្កើនរយៈពេលចុះឈ្មោះបោះឆ្នោត, អ្នកនាំពាក្យថា បើបន្ថែមក៏មិនលើសពី ៣ថ្ងៃដែរ

25-11-2016 12:57

(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹងធ្វើការពិចារណាលើការបង្កើនរយៈពេល ចុះឈ្មោះបោះឆ្នោត ប៉ុន្តែលោកបានបង្ហើបថា ទោះជាបន្ថែមក៏មិនអាចលើសពី៣ថ្ងៃដែរ ហើយក៏មិនរំពឹងថា ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានច្រើនដែរ។

លោក ហង់ ពុទ្ធា បានឲ្យដឹងថា «ការពន្យាពេលនេះ គ.ជ.ប នឹងពិនិត្យពិចារណា នៅពេលដែលបិទបញ្ជីចុះឈ្មោះបោះឆ្នោត ហើយ គ.ជ.ប ក៏មិនមានពេលវេលាច្រើន សម្រាប់ពន្យាពេលនេះដែរ ព្រោះ គ.ជ.ប បានព្យាយាមធ្វើការរបស់ខ្លួន យ៉ាងញាប់ដៃញាប់ជើង ប្រដេញទៅតាមប្រតិទិនហើយ រយៈពេល ៩០ថ្ងៃ មកនេះ»

អ្នកនាំពាក្យ គ.ជ.ប រូបនេះបានបន្ថែមថា ទោះជាមានការបង្កើនរយៈពេលចុះឈ្មោះបោះឆ្នោតក៏ពិតមែន ក៏មិនលើសពីរយៈពេល ៣ថ្ងៃដែរ ហើយក៏មិនរំពឹងថា ៣ថ្ងៃនោះ ប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតច្រើននាក់ដែរ ព្រោះរយៈពេល ៩០ថ្ងៃ មកហើយ ប្រជាពលរដ្ឋនៅតែមិនយកចិត្តទុកដាក់ទៅចុះទៀត។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប មិនរំពឹងថាប្រជាពលរដ្ឋទាំង ៩លាន៦សែននាក់ បានទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នានោះទេ ហើយ គ.ជ.ប ក៏គ្មានផែនការពន្យារពេលចុះឈ្មោះបោះឆ្នោតនេះ បន្ថែមទៀតដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង ៦ល្ងាចម្សិលមិញ មានប្រជាពលរដ្ឋខ្មែរ ៧,៥៣៧,២៦៦នាក់ហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត ខណៈសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះនឹងត្រូវបញ្ចប់៕