(កំពង់ស្ពឺ)៖ ស្រ្តីជាមេធាវីម្នាក់ ដែលមានផ្ទៃពោះបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍មួយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតលើផ្លូវជាតិលេខ៤ ត្រង់ចំណុចលើស្ពានមហាសាំង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AA-2304 ដែលបើកបរដោយស្ដ្រីម្នាក់ឈ្មោះ កាន់ ម៉ារី អាយុ៣០ឆ្នាំ មុខរបរជាមេធាវី ស្នាក់នៅភូមិលេខ៤ សង្កាត់លេខ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបរក្នុងទិសដៅពីទិសកើត ទៅលិច លុះដល់ចំណុច កើតហេតុ ស្រាប់តែបុកជាមួយរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង3A-1147 ក្នុងទិសដៅបញ្រ្ចាស់គ្នាពេញទំហឹង បណ្ដាលស្ដ្រីមេធាវីរបួសធ្ងន់ធ្ងរ រីឯរថយន្ដរងការខូចខាតស្ទើរទាំងស្រុង។
នគរបាលបន្ដថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ដធុនធំ បានរត់គេខ្លួនបាត់ស្រមោល រីឯវត្ថុតាងទាំង២ត្រូវបានយកទៅរក្សាទុក ដើម្បីដោះស្រាយតាមក្រោយ៕