(ព្រៃវែង)៖ ក្រុមការងារបច្ចេកទេស របស់ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង បាននឹងកំពុងរៀបចំទីតាំងដើម្បីប្រារព្ធពិធីរម្លឹកគុណ សម្ដេច ជា សីុម និងលោកជំទាវ នាថ្ងៃទី២ ខែធ្នូខាងមុខនេះ ជិតរួចរាល់ជាស្ថាពរហើយ នៅក្នុងខេត្តព្រៃវែង។
លោក ស សុខា បានបញ្ជាក់នៅលើ Facebook របស់លោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំងជិតរួចរាល់ហើយ ដើម្បីធ្វើពិធីរម្លឹកគុណដល់សម្ដេច ជា សីុម និងលោកជំទាវ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងក្រុងព្រៃវែង»។
លោកតំណាងរាស្ដ្រមណ្ឌលព្រៃវែង បន្ថែមថា «ថ្នាក់ដឹកនាំកំពូលៗសំខាន់ៗ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រជាជនជាង៨០០០នាក់ នឹងញ៉ាំងពិធីនេះឲ្យកាន់តែអធិកអធម ប្រកបដោយគុណតម្លៃ ដើម្បីជាក្ដីកត្តញ្ញូកត្ដវេទីគោរពជូនសម្ដេច និងលោកជំទាវ ដែលលោកបានចូលរួមរំដោះប្រទេសជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំកំពូលៗ ដូចជា សម្ដេចតេជោ សម្ដេច ហេង សំរិន...»។
លោកបានឲ្យដឹងផងដែរថា ពិធីនេះរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រៃវែង ដោយចង់បង្ហាញអំពីមនសិការរបស់យុវជនជំនាន់មុន និងចង់ឲ្យយុវជនជំនាន់ក្រោយ ដើរតាមគន្លងវិជ្ជមានរបស់អ្នកជំនាន់មុន៕