នៅព្រឹកនេះ តុលាការក្រុងភ្នំពេញ បេីកសវនាការកាត់ទោស លោក សម រង្ស៊ី មួយករណីទៀត ពាក់ព័ន្ធនឹងការក្លែងសន្ធិសញ្ញាព្រំដែន
25-11-2016 08:14
(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ នឹងបេីកសវនាការកាត់ទោស លោក សម រង្ស៊ី និង ជំនួយការរបស់គាត់ពីរនាក់ទៀត ពាកព័ន្ធនឹង ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម។
តាមឯកសារកាលវិភាគតុលាការ បង្ហាញថា សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៉ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និងលោក សៀង សុខ ជាតំណាងអយ្យការ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី លោក អ៉ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕