នៅតែ៥ថ្ងៃទៀតទេ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធអចលនទ្រព្យ ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់ សូមបងប្អូនប្រញាប់ទៅបង់ពន្ធឲ្យទាន់ពេលវេលា !
25-11-2016 07:44
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកានេះ គឺសល់តែ៥ថ្ងៃទៀត គឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្ត និងម្ចាស់អចលនទ្រព្យ ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ប្រញាប់រួសរាន់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា។
ចំពោះការបង់ពន្ធអចលនទ្រព្យ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ពន្យារពេល២លើករួចមកហើយ ដើម្បីសម្រួលដល់ម្ចាស់អចលនទ្រព្យ មានពេលវេលាច្រើន ក្នុងការមកបំពេញ កាតព្វកិច្ចពន្ធនេះ។
ម្ចាស់យានយន្ត និងម្ចាស់អចលនទ្រព្យ អាចអញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអចលទ្រព្យ បានយ៉ាងងាយស្រួល នៅសាខាពន្ធដារខេត្ត-ខណ្ឌ រួមទាំងនៅធនគារអេស៉ីលីដា និងកាណាឌីយ៉ា ដែលនៅជិតលោកអ្នកបំផុត។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ករណីម្ចាស់យានយន្ត ឬម្ចាស់អចលនទ្រព្យ ដែលមិនទៅបំពេញ កាតព្វកិច្ចបង់ពន្ធតាមការកំណត់ទេ និងទទួលរងទោសទណ្ឌ តាមច្បាប់ជាធរមាន៕