(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News ដោយសម្តេចសូមសម្តែងសេចក្តីតក់ស្លុត និងចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៉ី ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្តេចនឹងចាត់កូនប្រុសរបស់សម្តេចគឺលោក ហ៊ុន ម៉ានី ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ជាមួយលិខិតរំលែកទុក្ខផ្លូវការទៅតាមពេលវេលានៃកម្មវិធីបុណ្យសព។
ដោយឡែកនៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ក៏បានប្រសាសន៍បញ្ជាក់បន្ថែមថា សម្តេចក៏បានទូរស័ព្ទជួបដោយផ្ទាល់ជាមួយលោកស្រី ជូឡុង សូមួរ៉ា រយៈពេលប្រមាណ៥នាទី ដោយបានសម្តែងការសោយស្តាយ និងចូលរួមរំលែកទុក្ខចំពោះការទទួលមរណភាពរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដោយសម្តេចតេជោបានបញ្ជាក់ថា ជាកាយវិការក្នុងនាមយើងជាខ្មែរដូចគ្នា។
សូមជម្រាបថា បច្ចុប្បន្នសព ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់លោកស្រី ជូឡុង សូមួរ៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកប្រធាន សម រង្ស៉ី ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕