(បាត់ដំបង)៖ ពិតជាមហាខ្លោចចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារ ជាអ្នកស្រុកកងមាស ខេត្តកំពង់ចាម បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យស្លាប់ទាំង៥នាក់ មានប្រុសម្នាក់ និងស្រី៤នាក់ (កុមារីម្នាក់) នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយលើ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងដោយរថយន្តដែលជនរងគ្រោះជួលជិះម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-0998 បានទៅបុកជាមួយរថយន្តធន់ធំ ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ 3C-7509 ក្នុងទិសដៅបញ្ច្រាស់គ្នា ពោលរថយន្តរបស់ជនរងគ្រោះ ធ្វើដំណើរពីទិសដៅ ភ្នំពេញ-បាត់ដំបង ហើយរថយន្ត HINO ធ្វើដំណើរទិសដៅ បាត់ដំបង-ភ្នំពេញ។
លោកវរសេនីយ៍ឯក សាត គឹមសាន នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ជនរងគ្រោះចំនួន៥នាក់ ដែលជិះនៅក្នុងរថយន្ត Lexus មួយគ្រួសារស្លាប់ទាំងអស់ ហើយពួកគេរស់នៅស្រុកកងមាស ខេត្តកំពង់ចាម។
លោក សាត គឹមសាន បានបន្តទៀតថា ជនរងគ្រោះទាំង៥នាក់ ដែលមានក្មេងតូចផងនោះ គឺជាសាច់ញាតិនឹងគ្នា ប៉ុន្តែសមត្ថកិច្ចមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ដោយសារតែរវល់ជួយសង្គ្រោះជនរងគ្រោះ។
យ៉ាងណាក៏ដោយ នាយការិយាល័យចរាចរណ៍រូបនេះ បានបញ្ជាក់ថា សម្រាប់សពជនរងគ្រោះទាំង៥នាក់ ត្រូវបានលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាឲ្យយករថយន្តពេទ្យ២គ្រឿង ជួយដឹកទៅកាន់ស្រុកកំណើតហើយ។
បើតាមលោក សាត គឹមសាន អ្នកបើកបរទាំង២គ្រឿង គឺរថយន្ត Lexus និងរថយន្ត HINO បានរត់គេចខ្លួនបាត់ភ្លាមៗ ក្រោយកើតហេតុ។
យោងតាមសមត្ថកិច្ច ដែលបានត្រួតពិនិត្យមើលកាកគ្រីរថយន្ត បានបង្ហាញថា រថយន្ត HINO មានម្ចាស់កម្មសិទ្ធិឈ្មោះ ឈុន រដ្ឋា រស់នៅផ្ទះលេខ១៩៣ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែករថយន្ត Lexus មានម្ចាស់កម្មសិទ្ធិ ជាក្រុមហ៊ុន ហូលី អ៉ីខូ អ៉ិនដាស់ស្រ្ទៀល។
អ្នកស្រី សុខគា ដែលកូនស្រីរបស់ស្ត្រីជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បានស្រែកទ្រហោយំនៅយប់ថ្ងៃនេះថា ជនរងគ្រោះទាំង៥នាក់ ដែលជាសាច់ញាតិនឹងគ្នានោះ មានជីវភាពក្រក្រី ហើយពួកគេបានជួលរថយន្ត ទៅចូលរួមបុណ្យសពបងប្អូន នៅឯខេត្តបាត់ដំបង ស្រាប់តែជួបសោកនាដកម្មបែបនេះតែម្តងទៅពិតជារន្ធត់ណាស់។ អ្នកស្រី សុខគា បញ្ជាក់ថា គ្រួសារលោកពិតជាឯកោណាស់ ដែលក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ម្តាយក៏ស្លាប់ បងប្រុសក៏ស្លាប់ ក្មួយស្រីក៏ស្លាប់ ប្អូនស្រីក៏ស្លាប់(៥នាក់) ខណៈនៅផ្ទះសល់តែរូបអ្នកស្រី និងឪពុកដែលពិការដៃទៀតផង។
សាច់ញាតិរូបនេះ សុំអំពាវនាវដល់ថ្នាកដឹកនាំ និងសប្បុរសជន ជួយអន្តរាគមន៍ផង ជាពិសេសការធ្វើបុណ្យសព នៅឯស្រុកកំណើត។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តតាក់ស៊ី ម៉ាក Lexus RX300 បើកពីភ្នំពេញ ទៅខេត្តបាត់ដំបង ពេលមកដល់កន្លែងកើតហេតុ អ្នកបើកបរដូចជាមានអាការៈងងុយដេក ក៏រេចង្កូតរថយន្តទៅបុកនឹង រថយន្តដឹកទំនិញធុនធំ ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។ សម្រាប់រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមោងឫស្សី ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕