(សៀមរាប)៖ ក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតយុទ្ធជនជិត ១ពាន់នាក់នៅតាមបណ្តាស្រុកនានាក្នុងខេត្តសៀម រាបនៅសប្តាហ៍នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឲ្យអតីតយុទ្ធជនទាំងអស់ចងក្រងសៀវភៅប្រវត្តិតស៊ូរបស់ខ្លួនក្នុងសម័យសង្រ្គាម ដើម្បីតម្កល់ទុកជាឯកសារសម្រាប់កូនចៅ ក៏អ្នកជំនាន់ក្រោយបានជ្រាបច្បាស់ពីគំរូ វីរភាពរបស់ពួកគាត់ក្នុងបុព្វហេតុជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ទៀតថា ក្នុងសៀវភៅស្តីពីប្រវត្តិតស៊ូនោះ ត្រូវរំលេចជាសំខាន់ពីសកម្មភាពការងារ និងការតស៊ូ លើសមរភូមិនៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាម។
នាយឧត្តមសេនីយ៍ គន់ គីម ថា ការចងក្រងសៀវភៅប្រវត្តិតស៊ូរបស់អតីតយុទ្ធជន នេះ នឹងជួយឲ្យកូនចៅ ក្រុមគ្រួសារ ក៏ដូចជាមនុស្សជំនាន់ក្រោយ ដែលកំពុងរស់ក្នុងសុខសន្តិភាពបានដឹងពីទុក្ខលំបាក និងគំរូវីរភាពជា ច្រើនរបស់អតីតយុទ្ធជន។ សៀវភៅកម្រងប្រវត្តិតស៊ូរបស់អតីតយុទ្ធជន ក៏នឹងបានក្រើនរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យប្រយ័ត្នប្រយែងខ្ពស់រួមគ្នាថែរក្សាសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្នកុំឲ្យធ្លាក់ក្នុងអន្លង់ នៃភ្លើងសង្រ្គាមបន្តទៀត។
ក្នុងជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងខេត្តសៀមរាប ក៏ដូចជាតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ នាយឧត្តមសេនីយ៍ គន់ គីម បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់អតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំឲ្យប្រធានសាខាសមាគម ឃុំ សង្កាត់ រៀបចំធ្វើសៀវភៅបញ្ជីរាយនាម សមាជិកសមាគម ក្នុងឃុំនីមួយៗ ដោយបញ្ជាក់ច្បាស់ពីស្ថានភាពជីវភាព ស្ថានភាពគ្រួសារ ជាក់ស្តែង ហើយភ្ជាប់រូបថតគ្រួសារ ទាំងអ្នកទ័លលំបាក អ្នកក្រីក្រ ទាំងអ្នកមានផ្ទះមិនសមរម្យ អ្នកគ្មានដី គ្មានផ្ទះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាជូនអតីតយុទ្ធជនបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញប្រធានសាខា ឃុំ ត្រូវផ្តល់លេខទូរស័ព្ទទៅសមាជិក ហើយសមាជិកសមាគម ក៏ត្រូវផ្តល់លេខទំនាក់ទំនងឲ្យប្រធានសាខាឃុំវិញ ងាយស្រួលដោះស្រាយបញ្ហា និងជួយអន្តរាគមន៍បានលឿនពេលជួបគ្រោះថ្នាក់ ឬ ឈីថ្កាត់ផ្សេងៗ។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនស្រុកជីក្រែង បានប្តេជ្ញាទទួលអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ គន់ គីម ហើយប្តេជ្ញាខិតខំផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមាជិកសមាគមឲ្យបានជិតស្និទ្ធ និងប្រើគ្រប់លទ្ធភាពក្នុងការជួយដោះស្រាយសំណូមពររបស់អតីតយុទ្ធជន។
អតីតយុទ្ធជន ដែលកំពុងជួបភាពពិការ លោក ថាច់ ថា ដែលមានវ័យ ៦៥ឆ្នាំទៅហើយនោះ បានសម្តែងក្តីរំភើបរីករាយ ចំពោះចំណាត់ការថ្មី និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមានការចុះជួបដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម ដែលមិនធ្លាប់មានពីមុនមក។
លោក ថាច់ ថា បានបន្តជាមួយក្តីរីករាយថា «ខ្ញុំ ពិតជាបិទភ្នែកជិតហើយ ព្រោះដឹងថា ពេលស្លាប់ ត្រូវបានសមាគម និងអាជ្ញាធរ ផ្តល់កិត្តិយសសម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំ។ តាមរយៈនាយឧត្តមសេនីយ គន់ គីម យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលនៅតែយកចិត្តយកដាក់ និងគិតគូរដល់សុខទុក្ខ អតីតយុទ្ធជនយើងខ្ញុំ»៕