(ភ្នំពេញ)៖ ប្រតិបត្តិការតាមបង្ក្រាបករណីចាប់ជំរិតមួយ ដែលបង្កដោយជនជាតិចិន ទៅលើនារីជនជាតិចិនដូចគ្នា ពីសំណាក់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ពេញមួយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ចប់ទៅប្រកប ដោយជោគជ័យហើយ ក្រោយពីកម្លាំងនគរបាល បានឈានទៅចាប់ខ្លូនជនជាតិចិន២នាក់ និងរំដោះបាននារីរងគ្រោះផងដែរ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ដែលបានដឹកនាំកម្លាំងនគរបាលចុះទៅបង្ក្រាបផ្ទាល់ពេញមួយថ្ងៃនេះ បានបញ្ជាក់ថា ករណីចាប់ជំរិតនេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបូរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបង្កដោយជនជាតិចិនមួយក្រុម ដោយពួកគេបានហៅនារីរងគ្រោះជាជនជាតិចិនដូចគ្នា ដែលបម្រើការងារជានារីម៉ាស្សា ឲ្យទៅម៉ាស្សាពួកគេ។
លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោយម៉ាស្សាហើយ ស្រាប់តែក្រុមបង្ក បានចាប់ជំរិតនារីរងគ្រោះ ទៅកាន់ផ្ទះសំណាក់ឈ្មោះ ដាឡាវ៉ាន់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅព្រឹកមិញ លោកបានទទួលព័ត៌មានពីករណីចាប់ជំរិតនេះ ក៏បានសុំបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីចុះបង្ក្រាបជាក់ស្តែង។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្រុមសង្ស័យបានគំរាមទារលុយ ចំនួន១មឺុនដុល្លារ ពីថៅកែហាងនារីរងគ្រោះ ហើយបើមិនឲ្យទេ ពួកគេនឹងសម្លាប់នាងចោល នៅវេលាម៉ោង១២ថ្ងៃត្រង់។ ក្រោមការសម្របសម្រួលតាមជំនាញរបស់នគរបាល ជាមួយក្រុមចាប់ជំរិតនោះ ពួកគេបានបន្ថយទៅត្រឹមម៉ោង៣ រសៀលថ្ងៃនេះ បើមិនបានលុយចំនួន១មឺុនដុល្លារទេ នឹងសម្លាប់នារីរងគ្រោះចោលតែម្តង។
លោកអធិការបានបន្តទៀតថា ចំពោះការគំរាមម្តងទៀតនេះ កម្លាំងប្រតិបត្តិការ បានខិតខំយ៉ាងខ្លាំងលើជំនាញរបស់ខ្លួន រហូតតាមចាប់ជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ ដោយម្នាក់ចាប់ខ្លួននៅតាមផ្លូវ និងម្នាក់ទៀតចាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ ទីដែលពួកគេចាប់ជំរិតនោះ ព្រមទាំងរំដោះជនរងគ្រោះផងដែរ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ពេលចូលទៅចាប់ជនសង្ស័យនោះ ម្ចាស់ផ្ទះសំណាក់ខាងលើ មិនបានសហការជាមួយកម្លាំងនគរបាលនោះឡើយ ដោយមានបំណងរារាំង។
ក្រោយពេលបង្ក្រាបករណីចាប់ជំរិតនេះបានហើយ ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៀត៕