(កោះកុង)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើលិខិតមួយច្បាប់ជូនលោកអភិបាលខេត្តកោះកុង ដើម្បីជួយអន្តរាគមន៍ ផ្អាកជាបន្ទាន់នូវការសាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀត នៅក្នុងឃុំ ប្ញស្សីជ្រុំ នៅស្រុកថ្មបាំង ខេត្តកោះកុង និងការគ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកោះកុង។

លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «បន្ទាប់ពីទទួលបានព័ត៌មានអំពីការសាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀត នៅក្នុងឃុំ ប្ញស្សីជ្រុំ នៅស្រុកថ្មបាំង ខេត្តកោះកុង និងការគ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកោះកុង ដោយក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ខូ អិលធីឌី (JINYIAN HUANGLIAN TRADKING Co., Ltd) និងក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប Chhay Ching Heang Group Co., Ltd) ក្រសួងបរិស្ថានបានចាត់ក្រុមការងារចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរដែនដី និងអង្គការដៃគូរ ហើយឃើញថា ពិតជាមានសកម្មភាពដូច្នេះមែន។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការកែច្នៃវល្លិ៍រមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី១។

ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖