(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទបានថ្លែងថា បច្ចុប្បន្ននេះការដោះស្រាយជម្លោះព្រំដែនតាមមធ្យោបាយកាទូត និងតាមផ្លូវច្បាប់ ជាជម្រើសអទិភាពមួយ ដើម្បីរក្សាបាននូវសុខសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។
នាយឧត្តមសេនីយ៏ គីម ប៊ុនថាន បានថ្លែងបែបនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកិច្ចការការងារព្រំដែនជំនាន់ទី២ និងវគ្គបំប៉ននាយទាហាន ជំនាញកិច្ចការការងារព្រំដែនជំនាន់ទី៤ នាថ្ងៃទី២៤ ខែវិច្ឆិការ នេះ នៅសាលាការពារព្រំដែនលង្វែក ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
នៅចំពោះមុខកងទ័ពទើបបញ្ចប់ការសិក្សាជំនាញការងារព្រំដែន នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានបញ្ជាក់ថា កងទ័ពការពារព្រំដែនត្រូវមានជំនាញច្បាស់លាស់ ដោយត្រូវការពង្រឹងសមត្ថភាពឲ្យបានខ្ពស់លើជំនាញឯកទេសកិច្ចការព្រំដែន ដើម្បីឆ្លើយតបភារកិច្ចការពារបូរណភាពទឹកដី ការថែរក្សាស្ថេរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការរួមចំណែកអភិវឌ្ឍន៍សហគមន៍នៅតាមព្រំដែន។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើដល់កម្មសិក្សាដែលទើបបញ្ចប់វគ្គត្រូវយកចំណេះដឹងទទួលបានពេលនេះធ្វើជាមូលដ្ឋាន ដើម្បីអនុវត្តភារកិច្ចជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ ក៏ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត អំពីកិច្ចការព្រំដែន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍វិវត្តន៍រីកចម្រើននៃបច្ចេកវិទ្យាទំនើបក្នុងដំណាក់កាលបច្ចុប្បន្ន និងម៉្យាងដើម្បីប្រែក្លាយកងទ័ពការពារព្រំដែន ជាកម្លាំងរៀបរយ មានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ មានវិន័យ សីលធម៌ស្អាតស្អំ មានមនសិកាស្នេហាជាតិមុះមុត និង មានទំនាក់ទំនងល្អ។
បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានរំលឹកទៅដល់កងទ័ពទើបបញ្ចប់ការសិក្សាជំនាញព្រំដែនថា ការប្រើប្រាស់ មធ្យោបាយកាទូតប្រកបដោយភាពវ័យឆ្លាត និងច្បាប់ផ្សេងៗ គឺជាមធ្យោបាយដ៏អាទិភាពបំផុតមុនឈានប្រើប្រាស់មធ្យោបាយផ្សេង។ លោកថា ការប្រើមធ្យោបាយកាទូត និងផ្លូវច្បាប់នេះ នឹងធ្វើឲ្យការដោះស្រាយបញ្ហាព្រំដែនមានភាពល្អប្រសើរ ហើយរក្សាបាននូវទំនាក់ ទំនងល្អជាមួយប្រទេសជិតខាង និងបញ្ចៀសសង្រ្គាមតាមព្រំដែនផងដែរ។
ទាក់ទងនិងសកម្មភាពនៃការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់កងទ័ពព្រំដែនវិញ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គមេបញ្ជាការ ក៏បានឲ្យដឹងដែរថា ដោយមើលឃើញពីសារៈសំខាន់កិច្ចការព្រំដែននេះ នៅក្នុងឆ្នាំ២០១៤ ទីចាត់ការការងារព្រំដែន បានស្នើសុំទៅអគ្គបញ្ជាការ និងក្រសួងការពារជាតិ បង្កើតឲ្យមានសាលាការពារព្រំដែនឡើង សម្រាប់បណ្តុះបណ្តាល និងបំប៉ននាយទាហាន ពលទាហានលើកិច្ចការជំនាញព្រំដែន។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ បន្តថា ដោយបានការចង្អុលបង្ហាញ និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីងប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្សនោះ សាលាការពារព្រំដែនត្រូវបានកសាងជាបន្តបន្ទាប់ មានទាំងអគារសិក្សា អគារស្នាក់នៅ សម្ភារៈសិក្សាធនធានមនុស្ស រួមនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបម្រើដល់កិច្ចការហ្វឹកហ្វឺន។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានឲ្យដឹងដែរថា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ សាលាបានដំណើរការបើកវគ្គបំប៉នជំនាញកិច្ចការព្រំដែនបានជាច្រើនវគ្គរួចមកហើយ ព្រមទាំងបានបញ្ជូននាយទាហាន យោធាចារ្យមួយចំនួនទៅសិក្សានៅក្រៅប្រទេសផងដែរ។
លោកឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយករងទីចាត់ការការងារព្រំដែនទទួលបន្ទុកការងារហ្វឹកហ្វឺន បានរាយការណ៍ឲ្យដឹងថា វគ្គហ្វឹកហ្វឹនដែលទើបបិទវគ្គសិក្សានេះ មានរយៈពេល ៦ខែ មានកម្មសិក្សាជានាយទាហានសរុបចំនួន ១៦១នាក់ ជ្រើសរើសពីបណ្តាកងឯក ភាពចំណុះទីចាត់ការការងារព្រំដែន យោធភូមិភាគ បញ្ជាការដ្ឋាន និងកងពល៕