(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ អំពីសុខទុក្ខប្រជាពលរដ្ឋទូទៅ ជាពិសេស គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំងនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ រួមនឹងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំង ចំនួន ៩គ្រួសារ រស់នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋទីទ័លក្រទាំង ៩គ្រួសារ នោះរួមមាន ៖

១/ លោកយាយ ចាន់ នួន អាយុ ៧០ឆ្នាំ រស់នៅម្នាក់ឯង នៅភូមិវត្តហ្លួង ដោយត្រូវបានប្តីស្លាប់ចោលក្នុងជំនាន់ ប៉ុល ពត និងកូន ៦នាក់ របស់គាត់បានស្លាប់នៅក្នុងជំរុំសាយប៊ី បច្ចុប្បន្នលោកយាយដើររកបេះបន្លែក្នុងភូមិក្បែរផ្ទះ ដើម្បីទទួលទាន និងលក់បានប្រាក់កម្រៃបន្តិចបន្តួចទុកចិញ្ចឹមជីវិត និងទទួលបានការទំនុកបម្រុងខ្លះៗពីអាជ្ញាធរមូលដ្ឋាន។

២/ ស្ត្រីឈ្មោះ ចាន់ ច្រឹប អាយុ ៣៧ឆ្នាំ មានផ្ទុកមេរោគអេដស៍ រស់នៅជាប្តី (ផ្ទុកមេរោគ) និងកូនស្រីម្នាក់ (មិនឆ្លងមេរោគ) នៅភូមិវត្តហ្លួង។ ដើមឡើយគ្រួសារនេះ​ មានកូន ៣នាក់ តែស្លាប់អស់ ២នាក់ ដោយសារមិនមានវិធានការបង្ការការឆ្លងមេរោគឲ្យបានត្រឹមត្រូវ។ សព្វថ្ងៃពួកគាត់ប្រកបមុខរបរជាកសិករ និងដើរស៊ីឈ្នួលដកស្ទូងឱ្យគេ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត និងទំនុកបម្រុងកូនស្រី ទៅសាលារៀន។

៣/ លោកយាយ សោម លី អាយុ ៨៧ឆ្នាំ ជរាពិការ រស់នៅជាមួយកូនស្រី ២នាក់ ដែលដើរស៊ីឈ្នួលដាំដំឡូងយកប្រាក់ចិញ្ចឹមម្តាយ នៅភូមិវត្តហ្លួង។

៤/ លោកយាយ សោម សុន អាយុ ៩៣ឆ្នាំ ចាស់ជរា រស់នៅជាមួយកូនស្រីមេម៉ាយម្នាក់ ប្រកបរបរក្រងស្បូវលក់យកលុយចិញ្ចឹមម្តាយ នៅភូមិដប់បាត។

៥/ លោកតា កែប ស៊ុន អាយុ ៨៤ឆ្នាំ ជរាពិការ រស់នៅជាមួយប្រពន្ធអាយុ ៦០ឆ្នាំ និងមានចៅស្រីម្នាក់អាយុ ២៣ឆ្នាំ ជាអ្នកមើលថែ នៅភូមិដប់បាត។

៦/ លោកយាយ ញ៉ែម ស៊ែម អាយុ ៨១ឆ្នាំ ជរាពិការ រស់នៅជាមួយកូនស្រីម្នាក់ ប្រកបរបរលក់ដូរបន្តិចបន្តួច យកប្រាក់ចិញ្ចឹមម្តាយ នៅភូមិដំណាក់អំពិល។

៧/ លោកយាយ វ៉ែន យ៉ែម អាយុ ៧៨ឆ្នាំ ចាស់ជរាមានជំងឺ រស់នៅជាមួយកូនស្រីម្នាក់ជាអ្នកស៊ីឈ្នួលដកស្ទូងឱ្យគេ នៅមើលថែ នៅភូមិដំណាក់អំពិល។

៨/ លោក ផន ផល្លី អាយុ ៤៥ឆ្នាំ ពិការជើងទាំងសងខាង រស់នៅជាមួយប្រពន្ធ និងកូន ៦នាក់ ហើយប្រកបរបរប៉ះកង់ និងលក់ទឹកអំពៅ នៅភូមិដំណាក់អំពិល។

៩/ កុមារី អ៊ុន រ៉េន អាយុ ១៣ឆ្នាំ ពិការស្វិតដៃជើង រៀនថ្នាក់ទី ៦ កំព្រាឪពុក។ សព្វថ្ក្ងៃ ក្មួយស្រីរស់នៅជាមួយម្តាយ អាយុ ៥៦ឆ្នាំ ជាកសិករ និងដើរស៊ីឈ្នួលគេ រស់នៅភូមិដប់បាត។

សម្រាប់អំណោយជួយសម្រាលការលំបាកដល់គ្រួសារនីមួយៗ មាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកផ្លែឈើ ១កេស មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០០,០០០រៀលផងដែរ៕