(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ត្រូវបើកបើកប្រាក់បេឡាមរណៈសង្រ្គោះជូនក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានឆាប់ជាទីបំផុត ពោលមិនឲ្យ លើសពី៧ថ្ងៃនោះឡើយ ដើម្បីក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យឲ្យបានសមរម្យតាមប្រពៃណីព្រះពុទ្ធសាសនា។
ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលនាយឧត្តមសេនីយ៍ គន់ គីម បានដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំឆ្នាំរបស់សមា គមអតីតយុទ្ធជនកម្ពុជា នៅតាមបណ្តាខេត្ត ដែលចំណុះឲ្យយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានយោធភូមិទី៥ ស្ថិតនៅក្នុងខេត្ត បាត់ដំបងនាពេលថ្មីៗនេះ។
ក្រៅពីជំរុញឲ្យបើកប្រាក់បេឡាមរណៈសង្រ្គោះហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខិតខំបញ្ចប់ការធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជនឲ្យបានមុនដំណាច់ឆ្នាំ២០១៦ និងខិតខំដោះស្រាយការលំបាករបស់សមាជិក សមាគមអតីតយុទ្ធជន ដែលទីទ័ល និងយកចិត្តទុកដាក់ពីសុខភាព និងជីវភាពរបស់ពួកគាត់ផងដែរ។ ជាពិសេសត្រូវបន្តធ្វើផ្ទះជូនសមាជិកទីទ័លក្រគ្មានទីជម្រក។
សូមបញ្ជាក់ថា រាល់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលទទួលមរណភាពតែងទទួលបានការឧបត្ថម្ភថវិកាចំនួន ៤លានរៀល ពីសមាគម សម្រាប់ចាត់ចែងធ្វើពិធីបុណ្យសព និងសម្រាលផលលំបាកនៅក្នុងគ្រួសារ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនាយឧត្តមសេនីយ៍ គន់ គីម អមដំណើរដោយឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ និងប្រតិភូ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នងធ្វើពីឥដ្ឋប្រកស័ង្កសី ទំហំ ៤,៥ម× ៨ម ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនយោធិនពិការ លោក ពេជ្រ សារឿន រស់នៅភូមិ អូរខ្ជាយ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង និងបានឧបត្ថម្ភអង្ករ ១០០គក្រ មី ២កេស ទឹកត្រី ២យួរ ទឹកស៊ីអីវ ២យួរ ប៊ីចេង ២កញ្ចប់ ឃីតមួយកញ្ចប់ និងថវិកា ៤០ម៉ឺនរៀល និងបានជូនបងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីចំនួន ៩នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល សារុងមួយផងដែរ៕