(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងនូវការរិះគន់ចំៗ លើមន្រ្តីរាជការមូលដ្ឋានមួយចំនួន ទទួលបន្ទុកពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដែលតែងតែគៀបសង្កត់មុខរបបបន្តិចបន្តួចរបស់ពួកគាត់ ជាប្រជាពលរដ្ឋតូចតាចគ្មានខ្សែរយៈ ចំណែកក្រុមឈ្មួញអ្នករកស៊ីឈើធំៗ ដែលបើករថយន្តដឹកឈើកម្ទិចផ្លូវរាល់ថ្ងៃនោះ បែរជាធ្វើសកម្មភាពដោយរលូនទៅវិញ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានចង្អុលចំលោក ឌឹប អេងលី ប្រធានការិយាល័យអន្តរវិស័យសាលាស្រុកឱរ៉ាល់ ដែលជាអ្នកបញ្ជាឲ្យកូនចៅរបស់ខ្លួន ដើរប្រមូលលុយនៅតាមដេប៉ូឈើ ឡានដឹកឈើ រោងសិប្បកម្ម កន្លែងលក់អុស ធ្យូង ដោយគិតជាថ្ងៃជាខែ ទៅតាមស្ថានភាពជាក់ស្តែង។
ប្រជាពលរដ្ឋលើកឡើងថា «បុគ្គលដែលដើរយកលុយខាងលើនេះ គឺមន្ត្រីស្ថិតក្រោមការគ្រប់គ្រងរបស់សាលាស្រុកឱរ៉ាល់ ជាពិសេសជាជំនិតលោកចៅហ្វាយស្រុក និងលោកចៅហ្វាយរងស្រុកទៀតផង ដែលជាប្រធានក្រុមបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ខាងលើផ្ទាល់។ ទង្វើដើរយកលុយពីក្រុមឈ្មួញ និងអ្នករកស៊ីពេញស្រុក របស់ក្រុមមន្រ្តីខាងលើនេះ បានបើកភ្លើងខៀវពីម្ចាស់ទឹកម្ចាស់ដី ទើបទង្វើនេះ ធ្វើទៅមានភាពរលូន»។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់បានទទូចហើយទទូចទៀត ត្រូវតែទប់ស្កាត់ពួកឈ្មួញធំៗនោះឲ្យបានខ្លាំងក្លា កុំចាប់អាតូចព្រលែងអាធំ ជាពិសេសការគៀបសង្កត់សង្កិន ចំពោះប្រជាពលរដ្ឋតូចតាច។ អ្នកភូមិខ្លះ គ្រាន់តែចញ្ចឹមក្រពើស្ទើតែមិនរស់ផង ត្រូវគេបង្ខំឲ្យបង់លុយបង់កាក់ហួសកម្រិត ធ្វើឲ្យជីវភាពរបស់ពួកគាត់ទាំងនោះ កាន់តែដុនដាបទៅៗ។
ប្រភពខាងលើ បានបញ្ជាក់ថា «អ្នកស្រុកឱរ៉ាល់ម្នាក់ណា ក៏ខឹងសម្បារយ៉ាងខ្លាំង លើក្រុមមន្រ្តីដែលជាអ្នកទប់ស្កាត់បទល្មើស និងអ្នកការពារធនធានធម្មជាតិស្អីគេនោះ ដោយមូលហេតុពួកគេ ហាមបានតែពួករកស៊ីតូចតាចទេ បើឈ្មួញធំៗដឹកឈើបាក់ផ្លូវ បាក់ស្ពានអស់ បែរជារកស៊ីដោយរលូន គ្រាន់តែបង់លាភសក្ការៈចូលហោប៉ៅក្រុមមន្រ្តីទាំងនោះជាប្រចាំ គឺចប់បញ្ហាហើយ»។
ពលរដ្ឋបានត្អួញត្អែរថា «ល្ងាចមិនទាន់ផង មន្រ្តីទាំងនោះនាំគ្នាដាក់បារ៉ាស់តាមផ្លូវព្រោងព្រាត តែឃាត់តែពលរដ្ឋ ដែលជិះរឺម៉ក់ គោយន្ត រទេះគោ រទេះសេះ។ បើចំពោះរថយន្តធន់ធំ សុទ្ធតែទម្ងន់ ២តោនកន្លះ រថយន្តយីឌុប រថយន្តឃ្លុប រត់តាមផ្លូវតាសាលវិញ គឺបើកព្រោងព្រាតទៅតាមចិត្ត ពួកគេមិនបង្ក្រាបទេ ព្រោះនោះគឺជាលាភសក្ការៈពួកគេ»។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពី លោក ឌឹប អេងលី បានទេនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅឡើយទេ៕