(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី៧ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់អនាម័យជនបទ» ដែលធ្វើនៅ អនុវិទ្យាល័យសន្តិភាព ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន, លោក ពេជ្រ សំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​, លោកស្រីអភិបាលរង ស្រុកសាលាក្រៅ, លោកស្នង​ការរងខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, តំណាងប្រធានមន្ទីរជុំវិញខេត្ត, អង្គការដៃគូរអភិវឌ្ឍន៍​, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៣០០នាក់​។​

លោកស្រី មាស សំនៀង អភិបាលរងស្រុកសាលាក្រៅ បានលើកឡើងថា នេះជាលើកទី៧ ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣​វិច្ឆិកា ដើម្បីផ្សព្វផ្សាយ និងជំរុញការប្រតិបត្តិអនាម័យល្អ តាមរយៈការប្រកាន់យកទម្លាប់ល្អ​៣​ប្រការគឺ លាងសម្អាតដៃ ជាមួយសាប៊ូ ការប្រើប្រាស់បង្គន់ និងបរិភោគទឹកមានសុវត្ថិភាព នៅគ្រប់រាជធានី-ខេត្ត​។

លោក ពេជ្រ សំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ក្រុមការងារសេដ្ឋកិច្ចសង្គម មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  បានបន្តខិតខំស្វែងរក​កិច្ចសហការ និងការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ ផ្នែកឯកជននានា ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការ​បំផុសជំរុញ ដល់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យយកចិត្តទុកដាក់ ប្រតិបត្តិអនាម័យល្អ ដើម្បីសុខមាលភាព សុភមង្គលក្នុងគ្រួសារ​។

លោកប្រធានមន្ទីរ បានបន្តថា ដោយមានការគ្រាំទ្រពីអង្គការយូនីសេហ្វ មន្ទីរបានអនុវត្តកម្មវិធីសហគមន៍ ដឹកនាំអនុវត្តអនាម័យ ហៅកាត់ថា (CLTS) បានអនុវត្ត​ភូមិចំនួន៣៥ និងឃុំ៣ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយការកង្វះអនាម័យ និងយល់ដឹងពីសារប្រយោជន៍ ​បានផ្លាស់ប្តូរឥរិយា ធ្វើការសាងសង ប្រើប្រាស់បង្គន់អនាម័យ ក្នុងក៏មានការកើនឡើង​នូវបង្គន់​ថ្មីៗចំនួន ១,៨០៧ផងដែរ​។

​លោកស្រី ជា លាភ អភិបាលរងខេត្ត បានអានសារលិខិតរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបានថ្លែងក្នុងឱកាសទិវា​ជាតិលើកកម្ពស់អនាម័យជនបទ ព្រមទាំង​បាន​មានមតិសំណេះសំណាល ដោយផ្តល់នូវអនុសាសន៍ល្អៗ ដល់អង្គពិធីទាំងមូល និងជំរុញការគ្រាំទ្រ និងការលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋសិស្សានុសិស្សគ្រប់ៗរូប ឲ្យចូលរួមប្រត្តិបត្តិ​អនាម័យស្អាត ដើម្បីសុខភាព​ទាំងអស់គ្នា​។

​នាឱកាសនោះ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ក៏មានការ​លើកជាសំណួរ-ចម្លើយ ដោយមានផ្តល់ជារង្វាន់លើកទឹកចិត្ត ដែលបានស្ម័គ្រចិត្តចូលរួមឆ្លើយសំណូរផងដែរ​៕