(សៀមរាប)៖ កូនគ្រញូងចំនួន១០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា យកទៅប្រគេនព្រះសង្ឃ ដើម្បីដាំក្នុងបរិវេណវត្តថ្មីដំរីសែនជ័យ នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ថិតនៅក្នុងតំបន់ការពារនៃឧទ្យានអង្គរ។ ការប្រគេនដើមគ្រញូងនេះ ធ្វើឡើងដើម្បីបញ្ជាក់ពីកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដើម្បីជំរុញឲ្យមានការចូលរួមពី សំណាក់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានប្រគេនកូនគ្រញូងទៅព្រះសង្ឃដោយផ្ទាល់នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តថ្មីដំរីសែនជ័យ។ ពិធីដាំត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ ភ្នាក់ងារអភិរក្សព្រៃឈើ និងថ្នាក់ដឹកនាំព្រះសង្ឃ និងអាជ្ញាធរជាតិអប្សរាយ៉ាងច្រើនកុះករ។
ក្នុងនាមបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា «សកម្មភាពដាំដើមគ្រញូងនៅពេលនេះ គឺធ្វើឡើងដើម្បីផ្សះផ្សា ការខឹងសម្បាររបស់ប្រជាពលរដ្ឋ ចំពោះការបាត់បង់ ឲ្យទៅជាការការពារវិញ។ បើយើងជំរុញការខឹងសម្បារ ឲ្យចេះតែកើនឡើង វាបានត្រឹមតែជាភ្លើងធ្វើឆេះនគរយើង។ កាលណាវាឆេះ វានឹងបាត់ការចូលរួម បាត់បង់ការគាំទ្រ។ ដូច្នេះ វានឹងបាត់បង់អ្វីគ្រប់យ៉ាង ជាពិសេស គឺមរតកវប្បធម៌ដែលមានតម្លៃមហាសាលរបស់យើង ដែលត្រូវការការចូលរួមពីយើងទាំងអស់គ្នា»។
ព្រះតេជគុណ បន្ថែមថា ការចូលរួមដាំកូនកូនឈើប្រណិត ដែលជាឈើកម្រនៅពេលនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ របស់ពិភពលោកសព្វថ្ងៃនេះដែរ។ ពិភពលោកដែលឡើងកម្តៅ អាកាសធាតុប្រែប្រួលជាញឹកញាប់ ក៏ដោយសារការបាត់បង់ធនធានធម្មជាតិព្រៃឈើនេះ។ លើសពីនេះ ព្រះតេជគុណ ក៏គ្រោងនឹងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីនាំយកកូនឈើប្រណិតរបៀបនេះ ទៅដាំក្នុងវត្តនានា ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ធ្វើឲ្យវត្តដែលនៅក្បែរបេតិកភណ្ឌអង្គរ ក្លាយជាវត្តបៃតងមានពណ៌ស្រស់ស្អាត ត្រជាក់ត្រជុំទៀតផង។
លោក ហង់ ពៅ បានថ្លែងអំណរគុណចំពោះព្រះសង្ឃ ដែលបានបំផុសចលនាបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅឲ្យចូលរួមគាំទ្រសកម្មភាពថែទាំ និងដាំឡើងវិញនូវព្រៃឈើ ដែលជារនាំងការពារដ៏សំខាន់នៃប្រាង្គប្រាសាទ។ មិនតែប៉ុណ្ណោះ សកម្មភាពចូលរួមរបស់ព្រះសង្ឃនៅពេលនេះ គឺស្របតាមគោលនយោបាយបរិស្ថាន របស់អាជ្ញាធរជាតិអប្សរា ដែលមានការប្តេជ្ញាចិត្តជំរុញការស្ថាបនាសង្គមមួយ ឈរលើមូលដ្ឋានអភិវឌ្ឍន៍ ស៊ីសង្វាក់គ្នារវាង ធម្មជាតិ ប្រាសាទ និងអ្នកស្រុក ពោលគឺ រវាងបរិស្ថាន វប្បធម៌ និងសហគមន៍៕