(កោះកុង)៖ លោក ផៃធូន ធ្លាមកេសន អភិបាលខេត្តកោះកុងស្ដីទី និងលោក ទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្លែងអំណរគុណម្ចាស់គម្រោង ពង្រឹងការផ្តល់សេវាសុខភាព នៅសហគមន៍ដាច់ស្រយាលរយៈពេល៤ឆ្នាំ នៅខេត្តកោះកុង ដែលបានបញ្ចប់ដោយភាពជោគជ័យ ហើយបានជួយផ្តល់ចំណេះដឹងបន្ថែម ដល់ក្រុមលោកគ្រូពេទ្យនៅតាមមូលដ្ឋាន បានយល់ដឹងច្រើន ជាពិសេសបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ដាច់ស្រយាល ឲ្យបានយល់ដឹងពីសុខភាពខ្លួនឯង យល់ដឹងកាន់ខ្ពស់ពីបញ្ហាសម្រាលកូន និងថែរក្សាសុខភាពទារក។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលលោកអភិបាលខេត្តស្ដីទី និងលោកប្រធានមន្ទីរសុខាភិបាល ចូលរួមផ្សព្វផ្សាយបញ្ចប់គម្រោង គម្រោងពង្រឹងការផ្តល់សេវាសុខភាពនៅសហគមន៍ដាច់ស្រយាល ដែលអនុវត្តបាន៤ឆ្នាំដោយជោគជ័យ។ គម្រោងនេះត្រូវបានរៀបចំឡើង រវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការឃែរ ដែលមានម្ចាស់គម្រោងដឹកនាំដោយលោកស្រី តាន់យ៉ា បានហ្វៀល ជានាយិការគម្រោង។
លោកស្រី តាន់យ៉ា បានហ្វៀល បានលើកឡើងថា ការពង្រឹងសេវាតាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល លើកកម្ពស់ការមកទទួល និងប្រើប្រាស់សេវាតាមរយៈការពង្រឹងយន្តការ នៃការចុះផ្តល់សេវាមូលដ្ឋានរបស់មណ្ឌលសុខភាព ដើម្បីពិភាក្សា និងថ្នាក់ដឹងនាំមន្ទីរ និងស្រុកប្រតិបត្តិ ដើម្បីសិក្សាពីលទ្ធផលដាក់បញ្ចូលសកម្មភាព ដែលកំពុងគាំទ្រដោយគម្រោងទៅក្នុងផែនការប្រតិបត្តិ សម្របសម្រួលកិច្ចប្រជុំសម្ព័ន្ធឆ្មប (MCAT) សម្រាប់បុគ្គលិកបច្ចេកទេសសុខាភិបាល ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ហើយផ្តល់នូវការអនុវត្តន៍ជំនាញ គ្លីនិកដល់អ្នកចូលរួមកិច្ចប្រជុំ (MCAT) ដូចជាការគ្រប់គ្រងក្រឡាភ្លើង ការគ្រប់គ្រងការផ្លាស់ប្តូរឈាម ថែសុខភាពមុនសម្រាល ការថែទាំសុខភាពទារក។ល។
លោកស្រី បញ្ជាក់ថា ក្រោយបញ្ចប់គម្រោងរបស់គាត់រយៈពេល៤ឆ្នាំនេះ នៅលើទឹកដីខេត្តកោះកុងឃើញថា ការងាររបស់គាត់ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋគាត់បាន យល់កាន់តែច្បាស់ពីសុខភាព នៃក្រុមគ្រួសារគាត់ហើយជឿជាក់ ទៅលើក្រុមលោកគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពនៅជិត លំនៅដ្ឋានរបស់ពួកគាត់ នៅតាមមូលដ្ឋាន។
ជាមួយគ្នានោះដែរ លោក ផៃធូន ធ្លាមកេសន អភិបាលខេត្តកោះកុងស្ដីទី ផ្ដាំផ្ញើឲ្យ ក្រុមគ្រូពេទ្យទាំងអស់ត្រូវអនុវត្តន៍ទៅតាមក្រមសីលធម៌គ្រូពេទ្យ ដើម្បីឲ្យបងប្អូនមានការជឿជាក់ ហើយប្រជាពលរដ្ឋត្រូវជឿជាក់លើក្រុមលោកគ្រូពេទ្យ ពីព្រោះសុខភាពសំខានជាងអ្វីៗទាំង។
ជាចុងក្រោយលោកស្រី តាន់យ៉ា បានហ្វៀល ក៏បានផ្តល់សម្ភារៈបរិក្ខាពេទ្យ ជូនលោកគ្រូ អ្នកគ្រូពេទ្យ ចំនួន១២មណ្ឌលសុខភាព និងថតរូបទុកជាអនុស្សាវរីយ៍ ផងដែរ៕