(ភ្នំពេញ)៖ ពិតជាព្រៃផ្សៃណាស់! កីឡាករប្រដាល់សេរីដ៏ល្បីឈ្មោះម្នាក់ កន ចន្ថា ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់វាយខ្នោះ បន្ទាប់ពីបែកធ្លាយរឿងបង្ខាំងសង្សារទុកក្នុងបន្ទប់ ដើម្បីគម្រាមកំហែងវាយធ្វើបាប និងបម្រើកាមតណ្ហាខ្លួន។

លោកអនុសេនីយ៍ឯក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យជាកីឡាករប្រដាល់សេរីរូបនេះ បានធ្វើឡើងដោយសារតែ ជាប់ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា បង្ខាំងសង្សារ​ទុករួមភេទតាមកាមតណ្ហារបស់ខ្លួន។ ការចាប់ខ្លួនជនសង្ស័យ​រូបនេះ បានធ្វើឡើងនៅយប់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុច​ផ្ទះជួលមួយកន្លែង លើកំណាត់ផ្លូវ៦៨ កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។                   

ស្រ្តីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុពួកគេទាំង២នាក់ មានការទំនាក់ទំនងស្នេហាស្គាល់គ្នា តាមរយៈ​ការឆាតលេង Facebook និងបានណាត់​ជួបគ្នាជាបន្តបន្ទាប់។ នៅថ្ងៃ​កើតហេតុជនសង្ស័យ​ បានហៅនាង​ឲ្យមកជួបនៅបន្ទប់​ជួលខាងលើ ស្រាប់តែកើតរឿងឈ្លោះ​តែម្ដងដោយសារតែរឿងប្រចណ្ឌ ទើបជនសង្ស័យបង្ខាំង​​ទុកក្នុងបន្ទប់​ដោយប្រើ​ហិង្សាទាញ​ដាច់ដោច សំលៀកបំពាក់អាក្រាតទាំងកាយ ហើយក៏យកប្រដាប់លុញឃ្លៀកមករុកចូលប្រដាប់ភេទ ថែមទាំងយកទូរស័ព្ទមកថត និងគម្រាមអា-ករ ចោលប្រសិន​បើបែកធ្លាយរឿងនេះចេញក្រៅ។ មួយសន្ទុះក្រោយមក ជនសង្ស័យក៏ចូល​ក្នុងបន្ទប់ទឹក ពេលនោះជនរងគ្រោះ​ក៏ឆ្លៀតឱកាស​បើកទ្វាររត់ចេញ​មកខាងក្រៅផ្ទះ​ដើម្បីស្រែក​ផ្អើលឆោឡោរ ទាំងប្រជាពលរដ្ឋ និងកម្លាំង​នគរបាលមូលដ្ឋាន បានមកជួយអន្តរាគមន៍​ភ្លាមៗ ឈានដល់ការឃាត់ខ្លួនជន​សង្ស័យតែម្ដង។ ក្រោយការឃាត់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងមួយ​ចំនួនរួមមាន៖ ទូរស័ព្ទដៃ១គ្រឿង កាំបិតបុ័ងតោ១ កន្ត្រៃ១ ប្រដាប់លុញក្លៀក១ អំបោស១ និងសក់ពណ៌លឿង១ដុំផងដែរ។

នាយប៉ុស្ដិ៍នគរបាលសង្កាត់ទទួលសង្កែ បានបន្តទៀត ជនសង្ស័យដែលត្រូវឃាត់ខ្លួនជាកីឡាករប្រដាល់សេរី ឈ្មោះកន ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់​ជួលផ្លូវលំ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលង្កែ ខណ្ឌឬស្សីកែវ។ រីឯស្ត្រីរងគ្រោះជាសង្សារមានឈ្មោះ យ៉េន ធារ៉ា អាយុ១៧ឆ្នាំ មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅផ្ទះជួលផ្លូវលំ ស្ថិតក្នុង​ក្រុមទី១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕