(កណ្ដាល)៖ គណៈកម្មការចម្រុះនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល ប្រគល់ដីនិងរើចេញពីដីឲ្យម្ចាស់ស្របច្បាប់កាន់កាប់វិញ។
មន្ត្រីអនុវត្តដីកាបញ្ជាក់ថា ម្ចាស់បំណុលនៃការអនុវត្តគឺ លោក ឆេង ឃីហេង អាយុ៤១ឆ្នាំ និងកូនបំណុលនៃការអនុវត្តគឺលោក ម៉ក់ ស៊ីវត្ថា អាយុ៥០ឆ្នាំ។ ទីតាំងដីនេះ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ព័ត៌មានបញ្ជាក់ថា ទាំងសាលាដំបូងខេត្តកណ្ដាល សាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចប្រគល់ដីទំនាស់ទំហំ២០ម៉ែត្រគុណនឹង១០០ម៉ែត្រ ឲ្យទៅលោក ឆេង ឃីហេង កាន់កាប់និងគ្រប់គ្រងជាកម្មសិទ្ធិ។ ក្រោយចាត់ការតាមនីតិវិធីជាបន្តបន្ទាប់ សមត្ថកិច្ចសម្រេចចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល ប្រគល់ដីនិងរើចេញពីដី ទៅឲ្យលោក ឆេង ឃីហេង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ប៉ុន្តែការអនុវត្តនេះបានផ្អាកទៅវិញ។
លោក ឡុង សារ៉ាត់ អាជ្ញាសាលានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ថា មូលហេតុនៃការផ្អាកការចុះអនុវត្តនេះ ដោយសារមានតតិយជន ឬជនទី៣ បានប្តឹងតវ៉ា។ ដូច្នេះសមត្ថកិច្ចត្រូវផ្អាកសិន រង់ចាំពិនិត្យឯកសារនិងភស្តុតាង ពេលក្រោយវិញ៕