(ភ្នំពេញ)៖ ក្រុមហ៊ុន Microsoft និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា Digital ក្នុងវិស័យអប់រំ ដោយបំពាក់បំប៉នសមត្ថភាព ដល់អ្នកអប់រំ និងផ្តល់នូវបច្ចេកវិទ្យា សេវា និងកម្មវិធីនានា ក្នុងការនាំយកមកនូវវិធីសាស្រ្តបង្រៀន នាសតវត្សទី២១ តាមប្រព័ន្ធមួយ ប្រកបដោយភាពច្នៃប្រឌិត និងជឿនលឿន ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព ក្នុងការបង្រៀនសិស្សនៅកម្ពុជា។

ស្របតាមទស្សនៈវិស័យអប់ រំរបស់ក្រសួងអប់រំ យុវជននិងកីឡាឆ្នាំ២០២០ កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើអាទិភាពចំនួនបីដូចជា៖ កសាងសមត្ថភាពរបស់អ្នកដឹកនាំ និងអ្នកអប់រំ សម្រាប់ដំណើរការកែប្រែបែប Digital ការគាំទ្រអ្នកអប់រំ ជាមួយនឹងកម្មវិធីសិក្សា និងឯកសារនានា ដើម្បីផ្ទេរជំនាញបច្ចេកវិទ្យា ដល់សិស្សនិស្សិត និងផ្តល់លទ្ធភាពជ្រោមជ្រែង ឲ្យគ្រឹះស្ថានអប់រំ កាន់តែមានប្រសិទ្ធភាព តាមរយៈបច្ចេកវិទ្យា។

កម្មវិធីចំនួនបីនេះ នឹងត្រូវយកទៅសាកល្បងជាមួយសាលារៀន ដែលបានជ្រើសរើស នៅក្នុងរាជធានីភ្នំពេញ នៅចន្លោះពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៧ លើការកសាងសមត្ថភាព របស់អ្នកអប់រំ សម្រាប់កម្មវិធីកែប្រែនេះ ថ្នាក់រៀនគំរូ និងការបង្រៀន ជាមួយនឹងបច្ចេកវិទ្យា។

អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ និងប្រតិបត្តិការសម្រាប់ទីផ្សារថ្មី នៅតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft បានឲ្យដឹងថា «ការចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រសួងអប់រំ នៅថ្ងៃនេះ ជាការបញ្ជាក់មួយទៀត អំពីការបន្តភាពជាដៃគូរបស់យើង ជាមួយរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យអប់រំ និងជាការបន្ថែមលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ ក៏ដូចជាកម្មវិធីសិស្សដៃគូ Microsoft (MSP) ដើម្បីអភិវឌ្ឍជំនាញបច្ចេកវិទ្យា ក្នុងចំណោមយុវជនកម្ពុជា»។

លោកស្រីបន្ដថា «យើងនឹងផ្តល់ឲ្យគ្រូបង្រៀន និងអ្នកដឹកនាំការអប់រំទាំងអស់ នូវឧបករណ៍ដ៏ត្រឹមត្រូវ និងការបណ្តុះបណ្តាលដែលចាំបាច់ សម្រាប់បំពាក់បំប៉នសិស្ស ជាមួយនឹងជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ជាជំនាញចាំបាច់ នៅក្នុងបរិបទសេដ្ឋកិច្ចសកល ដែលពឹងផ្អែកលើបច្ចេកវិទ្យា កាន់តែខ្លាំងឡើង។ ការគាំទ្រដល់ចក្ខុវិស័យនេះ បានស្របជាមួយគំនិតផ្តួចផ្តើមជាច្រើនរបស់ក្រុមហ៊ុន Microsoft សម្រាប់ វិស័យអប់រំ ដូចជាគម្រោង Microsoft ជាធនធាន និងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ សម្រាប់គ្រូបង្រៀន កម្មវិធីអប់រំគំនិតច្នៃប្រឌិតរបស់ Microsoft (MIE)  ក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងថ្នាក់រៀន ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងគម្រោងអក្ខរកម្មឌីជីថលរបស់ Microsoft ជាកម្មវិធីអប់រំ តាមអ៊ិនធឺណិតមួយ ដែលណែនាំអ្នកសិក្សា ជាអ្នកថ្មីថ្មោង ក្នុងបច្ចេកវិទ្យា ឲ្យស្គាល់អំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យា»។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង្ស ជួនណារ៉ុន បានថ្លែងផងដែរថា «ស្របតាមទស្សនៈវិស័យឧត្តមសិក្សាឆ្នាំ២០២០ និងតទៅមុខ ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុន Microsoft ដើម្បីអភិវឌ្ឍជំនាញបច្ចេកវិទ្យា កសាងសមត្ថភាពរបស់គ្រូបង្រៀន និងលើកកម្ពស់ការអប់រំជំនាញ STEM ដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិត ទទួលបានកម្មវិធីអប់រំថ្នាក់ឧត្តមសិក្សា ដែលមានគុណភាពខ្ពស់ និងអភិវឌ្ឍជំនាញបច្ចេកទេស ដែលចាំបាច់​ ដើម្បីរួមចំណែកពេញលេញ ដល់ការអភិវឌ្ឍន៍ជាតិ និងតម្រូវការទីផ្សារការងារ»។

លោក Don Carlson ប្រធានផ្នែកអប់រំនៅក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា បច្ចេកវិទ្យា មិនអាចជំនួសការបង្រៀន ដ៏អស្ចារ្យបានទេ ប៉ុន្តែវាអាចធ្វើឲ្យគ្រូបង្រៀនល្អ កាន់តែល្អប្រសើរជាងមុនថែមទៀត ហើយវិធីសាស្រ្តរបស់ក្រុមហ៊ុន ក្នុងការអប់រំ គឺការសហការជាមួយអ្នកអប់រំ សិស្សនិស្សិត និងថ្នាក់ដឹកនាំរបស់សាលា លើដំណើរការ ក្នុងការកំណត់វិធីសាស្រ្ត នៃការសិក្សាឡើងវិញ និងផ្ដល់លទ្ធភាពឲ្យយុវជន អាចទទួលបានជោគជ័យ ក្នុងការអប់រំរហូតដល់ការងារ។ ដោយសារភាពគ្មានការងារធ្វើ ក្នុងចំណោមយុវជន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានអត្រាខ្ពស់  យើងទទួលស្គាល់ថា នេះជាឧបសគ្គមួយដ៏ធំ ដែលយុវជនបច្ចុប្បន្នកំពុងប្រឈម៕