(កំពង់ធំ)៖ ដើម្បីលើកកម្ពស់អនាម័យជនបទ ឲ្យកាន់តែប្រសើរឡើងនៅជនបទ លោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតី ក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់អអនាម័យជនបទ» នៅអនុវិទ្យល័យទីពោ ស្ថិតក្នុងភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ កម្មវិធីនេះ មានការចូលរួមពីបណ្តាអង្គការ អាជ្ញាធរស្រុក ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជាង៥៣៤នាក់ ផងដែរ។

លោក តាន់ វាសនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាព វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅក្នុងខេត្តទាំងមូល។

លោកថា ក្នុងកំណើនវិនិយោគទុនលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាត្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឲ្យបានជោគជ័យ ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ២០១៥ និងទស្សនៈវិស័យឆ្នាំ ២០២៥ ជាពិសេសតំបន់នៅដាច់ឆ្ងាយ ពីវិស័យទឹកស្អាត និងអនាម័យសកល។

លោក ងួន សុជាតិ បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទលើកទី៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់អអនាម័យជនបទ» ហើយលោកអភិបាលរង បានថ្លែងថា លទ្ធផលនៃវឌ្ឍនភាពជាវិជ្ជមាន នៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់ របស់រាជដ្ឋាភិបាលកម្ពុជា គួបផ្សំនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស៍យឯកជនផងដែរ។

ជាមួយគ្នានោះ លោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ ក៏បានស្នើឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវជួយយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យគិតពីបញ្ហាសុខភាព និងគៀងគរកធនធានពីសប្បុរសជនដៃគូអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សុខភាពអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានាភាពអនាម័យ ក្នុងដែនសមត្ថកិច្ច អង្គភាពស្ថាប័នពាក់ព័ន្ធរួមគ្នា គ្រប់មធ្យោបាយដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឌ្យនានា នៅតាមគ្រឹះដ្ឋានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទិកដាក់សាងសង់សំសម្ភារៈ ទឹកស្អាត អប់រំសិស្ស ឲ្យយល់ពីផលវិបាក នៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារត្រូវសាងសង់បង្គន់អនាម័យ ដោយបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

ក្នុងកម្មវិធីនេះ ក៏មានរៀបចំការសួរសំណួរ ឆ្លើយពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីយករង្វាន់លើកទឹកចិត្ត ពីគណៈអធិបតីផងដែរ៕