(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម និងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានរកឃើញភេសជ្ជៈ មួយចំនួនខូចគុណភាពមានដាក់លក់។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យនៅផ្សារស្ទោងនេះ មន្រ្ដីជំនាញបានរកឃើញទំនិញខូចគុណភាព ដូចជា មីកំប៉ុង ម៉ាកYum Yum ចំនួន២២កំប៉ុង ផលិតនៅ ប្រទេសថៃ ត្រណាប់ដូង ម៉ាកThanh Binh ចំនួន៣១កញ្ចប់ ផលិតនៅប្រទេសវៀតណាម ម៉្សៅបូរ៉ាក់ ទម្ងន់១គីឡូក្រាមកន្លះ ប័រ ម៉ាក Best foods ៥៥៤ក្រាមចំនួន២ ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកHaway ចំណុះ ៥០០ml ចំនួន៥ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាក LP ចំណុះ៤៨០ml ចំនួន ១៨ដប ផលិតនៅប្រទេសកម្ពុជា និងទឹកក្រូចម៉ាកផ្សេងៗទៀត។
ក្រុមការងារក៏បានពិនិត្យទៅលើ សរសៃគុយទាវ ចំនួនពីរតូប ដើម្បីរកសារធាតុបូរ៉ាក់ តែមិនមានសរសៃគុយទាវ មានសារធាតុបូរ៉ាក់ទេ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួស កាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារ ធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយ ឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
ទន្ទឹមនោះមន្រ្តីកាំកុងត្រូលក៏បានពន្យល់ និងបកស្រាយជូនដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ អំពីពាក្យចចាមអារ៉ាមដែលកើតមានថ្មីៗ ទាក់ទងទៅនឹងអង្ករប្លាស្ទិក ដើម្បីឲ្យពួកគាត់បានយល់ដឹងបន្ថែម និងមានទំនុកចិត្តថា គឺពិតជាពុំមានអង្ករប្លាសស្ទីកទេនៅកម្ពុជា ដោយបាននិយាយយោងទៅ លើលទ្ធផល ពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងប្រសាសន៍ដ៏មុតមាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួង ពាណិជ្ជកម្ម និងប្រសាសន៍ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល និងសេចក្តីប្រកាសរបស់សមាគមន៍ស្រូវ អង្ករកម្ពុជា៕